(ហុងកុង)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) និងជាសហស្ថាបនិកក្រុមហ៊ុនហ្គេមដ៏ធំរបស់ចិនដែលមានឈ្មោះថា XD Inc បានប្រកាសថា ក្រុមហ៊ុនមានគម្រោងផ្លាស់ប្តូរការិយាល័យកណ្តាល ពីប្រទេសចិនទៅក្រៅប្រទេសនៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

នាយកប្រតិបត្តិក្រុមហ៊ុនហ្គេម XD លោក Huang Yimeng ដែលមានអាយុ ៤០ឆ្នាំរូបនេះ ត្រូវបាន Forbes ដាក់ចំណាត់ថ្នាក់កាលពីឆ្នាំមុនដោយមានប្រាក់ចំនួន ១.២ពាន់លានដុល្លារ បាននិយាយថាលោកកំពុងតែរៀបចំខ្លួនដើម្បីផ្លាស់ទីទៅបរទេស ហើយប្រហែលជាកំឡុងខែសីហានេះទៅហ្នឹងឯង។ ខណៈដែលការផ្លាស់ទីនេះលោកមិនបានបញ្ជាក់ថានិងទៅប្រទេសណាបន្ទាប់នោះឡើយ។

យ៉ាងណាមិញចំពោះសេចក្តីប្រកាសរបស់លោក ត្រូវបាន XD បញ្ជាក់យ៉ាងច្បាស់ៗថា ហេតុផលចម្បងនៃការសម្រេចចាកចេញនោះគឺមកពីហេតុផលគ្រួសារដោយមិនទាក់ទងនឹងហេតុផលផ្សេងនោះឡើយ។ បើតាមប្រភពបានបង្ហាញ ទោះបីយ៉ាងណាក៏ដោយ មកទល់នឹងការបង្ក្រាបដ៏ជូរចត់ដោយទៅក្រុងប៉េកាំង លើឧស្សាហកម្មហ្គេមទាំងនេះ បានជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងតែសម្លឹងមើល និងងាកទៅវិនិយោគនៅក្រៅប្រទេស ក៏ដោយសារតែវិស័យហ្គេមនៅក្រៅប្រទេសកំពុងតែរីកចម្រើនខ្លាំង។ លើសពីនេះទៅទៀតដោយសារតែគោលនយោបាន Zero-COVID របស់ប្រទេសចិនដែលបណ្តាលឱ្យមានការបិទទ្វារយៈពេលពីខែកន្លងទៅនៅទីក្រុងសៀងហៃកំពុងជម្រុញឱ្យមានរលកអន្តោប្រវេសន៍កាន់តែច្រើនផងដែរ។

ទន្ទឹមនឹងនេះលោក Huang បាននិយាយនៅក្នុងអនុស្សរណៈមួយទាក់ទិននឹងការចាកចេញថា «ខ្ញុំផ្ទាល់បានដាក់អាទិភាពស្មើៗគ្នាលើអាជីព និងគ្រួសារ ហើយនៅពេលអនាគត ប្រតិបត្តិការនៅក្រៅប្រទេសរបស់ក្រុមហ៊ុនរបស់យើងនឹងទទួលបានការរីកចម្រើន និងមានអ្នកចំនួនអ្នកប្រើប្រាស់ច្រើនជាងនេះ» ដោយលោកក៏បានបញ្ជាក់បន្ថែមដែលថាចក្ខុវិស័យរបស់លោកគឺសម្រាប់ XD ដើម្បីក្លាយជាក្រុមហ៊ុនសកល។ តែយ៉ាងណាលោកបានបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមលើសពីនេះនោះទេនៅពេលដែល Reuters ទាក់ទងទៅកាន់លោក។

គួរជម្រាបដែរថា ក្រុមហ៊ុនហ្គេម XD ត្រូវបានបង្កើតឡើងដោយលោក Huang និងដៃគូសហការផ្សេងទៀតនៅក្នុងឆ្នាំ២០០៩ ហើយវាបានកសាងឈ្មោះនៅក្នុងប្រទេសចិនជាអ្នកបោះពុម្ពហ្គេមឯករាជ្យតូចៗ ហើយក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណកាលពីដើមឆ្នាំនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលកាផ្អាកជិត ៩ខែលើការអនុម័តហ្គេម៕