(ភ្នំពេញ)៖ ក្រោយពីចាប់ផ្តើមដំណើរការជាង៣ខែ «កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល» បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀតគឺ «ថ្ងៃបទបង្ហាញ» ដែលតម្រូវឱ្យបេក្ខជនក្នុងកម្មវិធីធ្វើបទបង្ហាញ ទៅកាន់គណៈកម្មការធ្វើការសម្រេចដាក់ពិន្ទុ និងជ្រើសរើសក្រុមធុរកិច្ច ដែលមានភាពលេចធ្លោធ្វើដំណើរក្នុងកម្មវិធីជាបន្តទៀត។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) និងដៃគូសហការបានរៀបចំ ថ្ងៃបទបង្ហាញ ឡើងនៅក្នុងការិយាល័យមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ផ្ទាល់តែម្តង។ ដោយក្នុងនោះក្រុមធុរកិច្ចថ្មីទាំង ១៣ក្រុមបានធ្វើបទបង្ហាញរបស់ខ្លួនក្នុងរយៈពេល៦នាទី និងធ្វើការឆ្លើយតបនឹងសំណួរនានាដែលចោទសួរដោយគណៈកម្មការ រយៈពេល១២នាទីទៀតផងដែរ។

ថ្ងៃបទបង្ហាញនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល បានប្រព្រឹត្តិទៅក្រោមអធិបតីភាព បណ្ឌិត តាំង ងួនលី, នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, និងមានការចូលរួមពីភ្ញៀវកិត្តិយសមកពីបណ្ដាស្ថាប័នដៃគូជាច្រើនទៀត។ ដោយឡែក គណៈកម្មការមានសមាសភាពចំនួន ៥រូបរួមមាន៖ អ្នកស្រី ឡាយ ស៊ីវហួង, នាយកប្រតិបត្តិប្រចាំប្រទេសនៃក្រុមហ៊ុន Foodpanda; កញ្ញា គឹម កុសុម៉ា, នាយកប្រតិបត្តិការនៃ Impact Hub Phnom Penh; លោក ទិត្យ ដារ៉ាយ៉ុង, អ្នកអភិវឌ្ឍកម្មវិធីជាន់ខ្ពស់នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ” ; លោក សុខ សុភមង្គល, សហស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Codingate; និង លោក ជា សុខហ៊ី, នាយកប្រតិបត្តិនៃ Omohub និង Bluu Global។

ក្រោយការវាយតម្លៃ និងដាក់ពិន្ទុពីសំណាក់គណៈកម្មការទាំង៥រូប ក្រុមធុរកិច្ចថ្មីទាំង ៩ ក្រុមដែលត្រូវបានសម្រាំង និងផ្តល់សិទ្ទបន្តទៅដំណាក់កាលបន្ទាប់ មានដូចជា៖ ក្រុមធុរកិច្ចថ្មី Cambo Finance, CancerCo., Jobify, Kela, Localize, TAP App, Trash Cleaning Incentive (TCI), VivaVibe, និងក្រុមធុរកិច្ចថ្មី អួត App។ ក្រុមធុរកិច្ចថ្មីទាំង ៩ នឹងចូល «ការពន្លឿនអាជីវកម្ម» រយៈពេល ៨ សប្ដាហ៍ ដើម្បីសម្រួចគំនិត ក៏ដូចជាផលិតផលអប្បបរមា (MVP) របស់ខ្លួនជាបន្តទៀត ដើម្បីត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល គឺថ្ងៃបទបង្ហាញសាធារណៈ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលនេះ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, និងសហការរៀបចំកម្មវិធីដោយ សហគ្រិនខ្មែរ, សាកលវិទ្យាល័យ ផារាហ្គនអន្តរជាតិ។

កម្មវិធីនេះទទួលបានការចូលរួមគាំទ្រដោយ អ្នកឧបត្ថម្ភ Diamond ៖ ធនាគារ វីង (ខេមបូឌា) ម.ក, អ្នកសហការឧបត្ថម្ភ Platinum៖ Huawei Cambodia និងអ្នកសហការឧបត្ថម្ភ Gold៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

អ្នកគាំទ្រមិនមែនថវិកាក្នុងកម្មវិធីនេះរួមមាន៖ ក្រុមហ៊ុន Amazon Web Services, ក្រុមហ៊ុន បញ្ជី ហ្វាញថេក ឯ.ក, ក្រុមហ៊ុន Bill24, សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា, Futures Lab, និងក្រុមហ៊ុន Morakot Technology។

ដៃគូផ្សព្វផ្សាយ៖ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ, Reactor School, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, Fresh News, និង PNN។ ដៃគូសហគមន៍៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ, Food STEM, ធុរកិច្ចថ្មីកម្ពុជា, Startup Factory, និង Techno Innovation Challenge Cambodia។ ដៃគូឯកទេសវិនិយោគ៖ Cambodian Angel Investors Network, Cambodia Investor Club, ក្រុមហ៊ុន អាយជីធិកគ្រុប, ក្រុមហ៊ុន Mekong Strategic Partners, Obor Capital, និង Uberis៕