(ឡុងដ៍)៖ អតីតអ្នកចាំទីក្លិបតោខៀវ Chelsea លោក Petr Cech នឹងលាលែងចេញពីតំណែងជាទីប្រឹក្សាបច្ចេកទេស និងទម្រង់លេងរបស់កីឡាករ នៅបំណាច់ខែមិថុនានេះ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League នៅពេលលោកជាសមាជិកថ្មីចុងក្រោយ ដែលនឹងដើរចេញពីតួនាទី នៅក្លិបដែលជាម្ចាស់កីឡដ្ឋាន Stamford Bridge បន្ទាប់ពីក្លិបរកបានម្ចាស់ថ្មីមកគ្រប់គ្រងដោយលោក Todd Boehly។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

លោក Cech ដែលត្រូវបានតែងតាំងឲ្យកាន់តួនាទីនេះកាលពីឆ្នាំ២០១៩ បន្ទាប់ពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់នោះ បានចំណាយពេល ១១ឆ្នាំ លេងនៅឯក្លិប Chelsea ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥ និងបានឈ្នះពានរង្វាន់ធំៗចំនួន ១៣លើកក្នុងនោះរួមទាំងពានរង្វាន់ Premier League ចំនួន៤ និងពានរង្វាន់ Champions League ផងដែរ។

ការចាកចេញរបស់លោក Cech បានកើតឡើង បន្ទាប់ពីអ្នកស្រីនាយិកាក្លិប Marina Granovskaia ដែលនឹងចាកចេញនៅពេលចប់រដូវកាលដោះដូរកីឡាករ។ ជាមួយគ្នានោះ ប្រធានក្លិបលោក Bruce Buck ក៏បានប្តូរតួនាទីទៅជាទីប្រឹក្សាជាន់ខ្ពស់ បន្ទាប់ពីថ្ងៃទី៣០ ខែមិថុនាខាងមុខដែរ។

សូមជម្រាបថា ក្រុមហ៊ុនសម្ព័ន្ធមួយដែលដឹកនាំដោយលោក Boehly និងក្រុមហ៊ុន Clearlake Capital បានទិញយកក្លិប Chelsea កាលពីខែឧសភា បន្ទាប់ពីអតីតម្ចាស់ក្លិប លោក Roman Abramovich បានដាក់លក់ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរុស្ស៊ីបានហៅថា ជា «ប្រតិបត្តិការពិសេស»