(កូរ៉េ)៖ នាពេលថ្មីៗនេះលោក V ដែលជាសមាជិកមួយរូបក្នុងក្រុម BTS ត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចាប់ផ្តើមសកម្មភាពផ្ទាល់ខ្លួន បន្ទាប់ពីក្រុមរបស់លោក បានប្រកាសពីផែនការ ដើម្បីសម្រាកសកម្មភាពរួមគ្នា និងផ្តោតសកម្មភាពទោលវិញ។ នេះបើតាមាករចេញផ្សាយដោយសារព័ត៌មាន Korea Times នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

យោងតាមប្រភពបានឲ្យដឹងនៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះថា លោក V ឬគេស្គាល់ថា Kim Tae-hyung កំពុងធ្វើដំណើរទៅប្រទេសបារាំង ដើម្បីបង្ហាញម៉ូដតាមការអញ្ជើញរបស់អ្នករចនា Hedi Slimane សម្រាប់ Celine។ V បានចូលរួមកម្មវិធីបង្ហាញម៉ូដនៅ Palais de Tokyo រួមជាមួយនឹងតារាកូរ៉េ Park Bo-gum និង Lisa សមាជិកក្រុម BLACKPINK។ លោកបានចែករំលែករូបថតពាក់ព័ន្ធ សកម្មភាពផ្ទាល់ខ្លនពីទីក្រុងប៉ារីស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួរជម្រាបថា នេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងហើយរបស់ V ចាប់តាំងពី BTS បានសម្រេចចិត្តផ្អាកសកម្មភាពក្រុម និងផ្តោតលើគម្រោងទោលកាលពីពីរសប្តាហ៍មុន។ បន្ថែមពីនេះ ងាកមកសមាជិកផ្សេងទៀត ដូចជា លោក Jungkook សមាជិកក្នុងក្រុម BTS ដែលនោះ បានចេញបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងអាមេរិក Charlie Puth កាលពីសប្តាហ៍មុន ខណៈដែលតារាចម្រៀងរ៉េប J-Hope នឹងចេញបទចម្រៀងទោលរបស់លោកនៅខែក្រោយដែរ៕