(ភ្នំពេញ)៖ ពិតជាគួរឲ្យសោកស្ដាយសម្រាប់អ្នកគាំទ្រ នៅពេលទទួលដំណឹងថា បវរកញ្ញាឯកកូនកាន់ខ្មែរសុរិន្ទ កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង «Miss Grand Surin» ឆ្នាំ ២០២២ និងស្រីស្អាត អៀ ម៉េងលិ បានប្រកាសព្រមៗគ្នា ដកខ្លួនចេញពីការប្រកួតសម្រស់ Miss Grand Cambodia ឆ្នាំ២០២២នេះ ដោយបានបញ្ជាក់ពីមូលហេតុរៀងៗខ្លួន។ ការប្រកាសដកខ្លួនចេញ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្ត ខណៈដែលពួកគេរំពឹងថា បេក្ខនារីដ៏លេចធ្លោទាំងពីររូបនេះ អាចនឹងទទួលបានជោគជ័យពេលបញ្ចប់ការប្រកួត។

តារាសម្ដែងស្រីស្អាត អៀ ម៉េងលិ បានប្រកាសនៅប៉ុន្មានម៉ោងមុននេះថា នាងបានដកពាក្យចេញពីការប្រកួត Miss Grand Cambodia ឆ្នាំ២០២២នេះ ដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់ និងបញ្ហាខ្លះៗមួយចំនួនទៀត។ ស្រីស្អាត អៀ ម៉េងលិ ក៏សុំការអធ្យាស្រ័យពីសំណាក់បងប្អូន ចំពោះការដកខ្លួនចេញទាំងពាក់កណ្ដាលទីបែបនេះ។

ស្រីស្អាត អៀ ម៉េងលិ និយាយថា «នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញពី Miss Grand Cambodia ហើយ មូលហេតុគឺមកពីបញ្ហាខ្លះ ជាពិសេសនាងខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ អរគុណ..!»

ដោយឡែក សម្រាប់បវរកញ្ញាឯកកូនកាន់ខ្មែរសុរិន្ទ កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង «Miss Grand Surin» ឆ្នាំ២០២២ ដែលទើបតែប្រកាសកាលពីពេលថ្មីៗនេះថា នឹងក្លាយជាបេក្ខភាពប្រកួតផ្លូវការ របស់កម្មវិធី Miss Grand Cambodia បន្ទាប់ពីបានធ្វើការប្រកួតជម្រុះជាច្រើនវគ្គ ហើយត្រូវបានគណៈកម្មការមើលឃើញពីសមត្ថភាព និងរូបសម្រស់ស័ក្តិសម ក្នុងការចូលរួមប្រកួតនៅវគ្គបន្ត ក៏បានប្រកាសពីការដកខ្លួនចេញពីកម្មវិធី Miss Grand Cambodia នេះដែរ ដោយហេតុផល គឺជាប់កាតព្វកិច្ចផ្ទាល់ខ្លួន មិនអាចមកប្រកួតបាន។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា «Miss Grand ខ្មែរសុរិន្ទ មិនអាចចូលរួមប្រឡងបានទេ ដោយសារមានកាតព្វកិច្ចផ្ទាល់ខ្លួនជាប់រវល់»

កម្មវិធី Miss Grand Cambodia នឹងធ្វើការបង្ហាញបេក្ខនារីផ្លូវការទាំង ៣៥នាក់ ហើយធ្វើការបោះឆ្នោត ដើម្បីស្វែងរកបេក្ខនារីម្នាក់ដែលមានប្រជាប្រិយភាព ទៅកាន់បេក្ខភាពកំពូលទាំង១៥នាក់ ចុងក្រោយ តាមរយៈរូបថត និងវីដេអូ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

សូមបញ្ជាក់ថា កម្មវិធី Miss Grand Cambodia នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីស្វែងរកម្ចាស់គ្រងមកុដដ៏ស័ក្តិចំនួនមួយរូប និងតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ៕