(សៀមរាប)៖ នៅក្នុងបរិវេណប្រាសាទតានៃ ដែលស្ថិតនៅក្នុងព្រៃ ចូលតាមផ្លូវលំតូច ភាគខាងកើតពីប្រាសាទតាកែវ សំឡេងពន្លាកដែកដែលដុំប៉ះនិងដុំថ្មឥតដាច់ បន្លឺលាន់យ៉ាងស្រួយនោះ គឺជាសំឡេងដែលកើតឡើងដោយជាងមួយក្រុម កំពុងនាំគ្នាធ្វើការងារដាប់ផ្ទាំងថ្មថ្មីធ្វើជាសសរពេជ្រ និងផ្ដែរបស់ប្រាសាទបុរាណ ដាក់ជំនួសថ្មចាស់ដែលបាត់បង់ឡើងិវញ នៅក្នុងពេលជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ។

លោក អិក អៀម ជាអ្នកភូមិបេង សង្កាត់គោកចក ក្រុងសៀមរាប ដែលមានវ័យ៦២ឆ្នាំ គឺជាអ្នកជំនាញខាងដាប់ថ្មជួសជុលប្រាសាទបុរាណម្នាក់ នៅក្នុងចំណោមអ្នកជួសជុលផ្សេងៗទៀតដែលមានវ័យក្មេងជាងរូបលោក។ ស្ថិតនៅក្នុងការដ្ឋានការងារដោយពាក់មួកការពារក្បាល ព្រមទាំងភ្នែកមើលមិនសូវច្បាស់ និងមានពាក់វេនតាជំនួយផង លោក អិក អៀម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានមកធ្វើការជាអ្នកជួសជុលប្រាសាទបុរាណតាំងតែពីឆ្នាំ១៩៩៩មកម៉្លេះ។ មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ គឺដោយសារតែលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ ហើយក៏ចង់ធ្វើការងារថែរក្សា និងជួសជុលប្រាសាទបុរាណដែរ។

លោក អិក អៀម ឱ្យដឹងថា វង្សត្រកូលរបស់គាត់ ៣ជំនាន់មកហើយ គឺជាអ្នកដែលធ្វើការជួសជុលអង្គរ។ ជីតារបស់គាត់ឈ្មោះ អ៊ីវ ធ្លាប់បានធ្វើការជាអ្នកជួសជុលប្រាសាទបុរាណតាំងពីសម័យដែលប្រទេសខ្មែរ ស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ ចំណែកឪពុករបស់លោកឈ្មោះ អ៊ីវ អិក ក៏ជាអ្នកដែលធ្វើការជួសជុលប្រាសាទបុរាណ កាលពីអំឡុងឆ្នាំ១៩៦០រហូតដល់ឆ្នាំ១៩៧១ នៅពេលដែលប្រទេសខ្មែរកើតសង្គ្រាមទើបឈប់ពីការងារ។ បុរសចំណាស់ ដែលមានភាពរួសរាយ មានប្រសាសន៍បន្តទៀតថា កាលពីកុមារភាពលោកធ្លាប់តាមឪពុករបស់លោក មកធ្វើការងារជួសជុលប្រាសាទ ហើយការងារនេះបានធ្វើឱ្យអារម្មណ៍របស់លោកដក់ជាប់ក្នុងចិត្ត រហូតដល់រូបលោកបានក្លាយជាអ្នកជួសជុលប្រាសាទបុរាណដូចជាបុព្វបុរសរបស់លោកដែរ។

តាមការរ៉ាយរ៉ាប់ឱ្យដឹងថា ក្នុងរយៈពេល២៣ឆ្នាំនៃការងារជួសជុលប្រាសាទបុរាណ លោក អិក អៀម បានចូលរួមជួសជុលប្រាសាទជាច្រើន ដូចជា ជួសជុលប្រាសាទបាពួន ប្រាសាទតាព្រហ្ម ស្រះស្រង់ ជួសជុលប្រាសាទអង្គរវត្ត ប្រាសាទមេបុណ្យខាងលិច និងប្រាសាទតានៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ បន្ថែមលើនេះ លោកក៏ធ្លាប់បានចូលរួមជួសជុលប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួករបស់ខេត្តបន្ទាយមានជ័យដែរ។

ស្នាដៃជួសជុលរបស់លោក អិក អៀម គឺមានបន្សល់ទុកនៅតាមប្រាសាទបុរាណជាច្រើននូវចម្លាក់ក្បាច់ ឬក៏រូបអប្សរាជាដើម នៅពេលដែលថ្មប្រាសាទបុរាណខ្លះ បានបាក់បែកខូចខាត ហើយត្រូវការដាក់ថ្មថ្មីមកជំនួស និងឆ្លាក់ក្បាច់ឱ្យដូចលំនាំរបស់ថ្មដើមនោះ។

បើទោះបីជាលោក អិក អៀម ជាអ្នកបន្តវេនជួសជុលអង្គរ៣ជំនាន់មកហើយក្តី ប៉ុន្តែនៅក្នុងជំនាន់កូនៗរបស់លោកនេះ ប្រហែលជាមិនមានអ្នកបន្តវេនក្នុងការងារជួសជុលអង្គរដូចរូបលោកឡើយ។ នៅក្នុងការងារជួលជុលអង្គរនេះ លោក អិក អៀម បានប្ដេជ្ញាថា លោកនឹងបន្តធ្វើវារហូតទាល់តែរូបលោកជរាធ្វើលែងកើត។ ជាមួយនេះដែរ លោកក៏ពេញចិត្តនឹងជួយបង្ហាញបង្រៀនដល់កូនខ្មែរទាំងឡាយណាដែលចង់ចេះជំនាញឆ្លាក់ថ្ម ក្នុងការងារជួសជុលប្រាសាទ ដើម្បីត្រៀមខ្លួនឱ្យក្លាយជាអ្នកបន្តវេនទៅជំនាន់ក្រោយៗផងដែរ៕