(ភ្នំពេញ)៖ ប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយលោករដ្ឋមន្ដ្រី ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ រួមទាំងនាយបេសកកម្មលោក វ៉ាត់ ចំរើន និងអត្តពលិកកម្ពុជាសរុប ១៨០នាក់ នឹងមាតុភូមិនិវត្ដន៍វិញ នាល្ងាចថ្ងៃទី២៤ ខែឧសភានេះ ដោយនាំមកជាមួយនូវមេដាយមាស ប្រាក់ និងសំរឹទ្ធជាងច្រើនគ្រឿង ពិសេសទង់ស៊ីហ្គេម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC, NOCC និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានឲ្យដឹងថា ដំណើរមាតុភូមិនិវត្ដន៍ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ថ្ងៃនេះ ក្រៅពីមន្ដ្រីជាន់ខ្ពស់ និងប្រតិភូអមដំណើរ គឺមានអត្តពលិក ៣ប្រភេទកីឡា រួមមានកីឡាប្រដាល់គុនខ្មែរ (ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៦), កីឡាវ៉ូវីណាម (ឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩) និងកីឡាឃីកបុកស៊ីង (ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១) រួមជាមួយក្រុមសិល្បៈ និងក្រុមកីឡាគុនល្បុក្កតោ ដែលចូលរួមសម្ដែងអបអរពិធីទទួលទង់ស៊ីហ្គេម ក្នុងពិធីបិទស៊ីហ្គេម កាលពីយប់មិញ រួមដំណើរជាមួយផងដែរ ។

អ្វីដែលពិសេស ទន្ទឹមជាមួយដំណើរមាតុភូមិនិវត្ដន៍ចុងក្រោយរបស់ប្រតិភូជាន់ខ្ពស់ និងក្រុមអត្តពលិកកម្ពុជា ក្រោយបញ្ចប់បេសកកម្មប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ កម្ពុជានឹងនាំមកជាមួយនូវទង់ជ័យក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា “ទង់ស៊ីហ្គេម” ផងដែរ ដែលសបញ្ជាក់ថា ស៊ីហ្គេម បានធ្វើដំណើរមកកម្ពុជាហើយ ។ លើសពីនេះ NOCC ក៏នឹងរៀបចំក្បួនដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមបណ្ដាមហាវិថីសំខាន់ៗមួយចំនួន រហូតដល់វិមានឯករាជ្យ មុនដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC នាវេលាម៉ោង ៥៖៣០នាទីល្ងាចនេះផងដែរ ។ លោក វ៉ាត់ ចំរើន បន្ថែម ។

តាមរយៈនេះ ក្នុងនាមនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រៀមចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក៏ដូចជាទង់ស៊ីហ្គេម តាមដងផ្លូវឲ្យបានច្រើនកុះករ ដើម្បីអបអរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទាំងអស់គ្នា ។

គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលបានពន្យាពេលមកពីចុងឆ្នាំ២០២១ មករៀបចំពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ចំនួន ៥៥០នាក់ លើ ៣៣ប្រភេទកីឡា ខណៈលទ្ធផល កម្ពុជាបានបំបែកឯកត្តកម្មមេដាយលើកមុនៗ ទោះបីរក្សាចំណាយថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស តែកម្ពុជាបានដណ្ដើមមេដាយយ៉ាងច្រើន រហូតដល់ ៦៣គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១ ៕