(ភ្នំពេញ)៖ ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះបានសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលអប់រំឌីជីថល ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២១-២០២៥។

លោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនវៀតធេល ខេមបូឌា ឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថលនេះឡើងជាការបង្ហាញឲ្យឃើញពី ការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់មិត្តហ្វូន ក្នុងការចូលរួមចំណែក ដល់ដំណើរឌីជីថលនីយកម្មនៃប្រព័ន្ធអប់រំរបស់កម្ពុជា។

លោកបានបន្ដថា «ក្នុងរយៈកាលពីរឆ្នាំមកនេះ យើងបានសម្រេចនូវសមិទ្ធផល និងលទ្ធផលប្រកបដោយជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ហើយការបង្កើតនូវមជ្ឈមណ្ឌលអប់រំនេះឡើងបង្ហាញឲ្យឃើញពី ការប្ដេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា ក៏ដូចជាសមត្ថភាពគ្រូបង្រៀន ដែលជាលទ្ធផលនឹងជួយបង្កើនចំណេះដឹង និងជំនាញដល់សិស្សានុសិស្ស»

មជ្ឈមណ្ឌលអប់រំឌីជីថលនឹងដើរតួនាទីជាបណ្ដុំមួយ សម្រាប់សម្របសម្រួលប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ដែលត្រូវបានដាក់ឲ្យដំណើរការ តាមសាលារៀនចំនួន៣០០ទីតាំងទូទាំង២៥ខេត្ត-ក្រុង ចាប់តាំងពីឆ្នាំ២០២០មក ក្រោមការសហការជាមួយនឹងក្រសួងអប់រំ។ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀននេះ គេបានបង្កើតនូវមូលដ្ឋានទិន្នន័យឌីជីថល សម្រាប់សិស្សានុសិស្សប្រមាណ៣១ម៉ឺននាក់ ហើយគ្រូបង្រៀនប្រមាណ១៥.៦០០នាក់ ទទួលការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការគ្រប់គ្រងការងារបង្រៀនរបស់ខ្លួន។

ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន អនុញ្ញាតឲ្យលោកគ្រូ-អ្នកគ្រូ ពិនិត្យបញ្ចូលព័ត៌មានវត្តមាន ការសុំច្បាប់ និងពិន្ទុរបស់សិស្ស ទៅតាមកញ្ចប់ឯកសារប្រវត្តិរូបអេឡិចត្រូនិចរបស់ខ្លួន ការគ្រប់គ្រងកាលវិភាគ និងថ្នាក់រៀន ការពិនិត្យ និងផ្ទៀងផ្ទាត់ប្រវត្តិរូប ជាងនេះទៅទៀតគឺការផ្ញើរ និងទទួលដំណឹងរវាងសិស្សានុសិស្ស និងឪពុកម្ដាយ ឬអាណាព្យាបាល។

សិស្សានុសិស្ស ឪពុកម្ដាយ និងអាណាព្យាបាល ក៏អាចពិនិត្យមើលអវត្តមាន កាលវិភាគ ព័ត៌មានអំពីការបង់ប្រាក់ និងកាលបរិច្ឆេទ នៃការប្រលងផងដែរ។ ឪពុកម្ដាយ ឬអាណាព្យាបាលអាចពិនិត្យមើលប្រវត្តិរូបកូនពេលណាក៏បាន ហើយទទួលបានការជូនដំណឹង ពីលោកគ្រូ-អ្នកគ្រូ និងផ្ញើរាល់លក្ខខណ្ឌផ្សេងៗទៅសាលារៀនវិញ រាល់សកម្មភាពទាំងអស់នេះ ត្រូវធ្វើឡើងតាមទូរស័ព្ទដៃ ឬកុំព្យូទ័របានដោយងាយ។

តាមរយៈគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀននេះ មិត្តហ្វូន ក៏បានផ្ដល់សេវាអ៊ិនធឺណិត សម្រាប់សាលារៀនចំនួន១ពាន់កន្លែង និងបានកសាងប្រព័ន្ធរបាយការណ៍ តាមអនឡាញរវាងមន្ទីរអប់រំតាមបណ្ដា២៥ខេត្តក្រុង។

ជាលទ្ធផលបានមកពីគម្រោងនេះ មិត្តហ្វូនបានឈ្នះពានរង្វាន់មេដាយមាស និងប្រាក់ពីស្ថាប័នលំដាប់ពិភពលោក Globee Awards សម្រាប់ផ្នែក «Best IT Solution for Business of the Year»

ជាការប្ដេជ្ញាចិត្តរយៈពេលប្រាំឆ្នាំ ចំពោះក្រសួងអប់រំ ក្រុមហ៊ុនមិត្តហ្វូននៅឆ្នាំ២០២៥ នឹងបានដាក់ឲ្យដំណើរការនូវប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន សម្រាប់សាលារៀនចំនួន៣ពាន់ទីតាំង ដោយបង្កើតបាននូវមូលដ្ឋានទិន្នន័យឌីជីថល សម្រាប់សិស្សានុសិស្ស២លាននាក់ ហើយលោកគ្រូ-អ្នកគ្រូ ចំនួន៦ម៉ឺននាក់ នឹងបានទទួលការបណ្ដុះបណ្ដាល ក្នុងការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀននេះ៕