(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួននៅថ្ងៃទី០៩ ខែឧសភា ដើម្បីលើកទឹកចិត្ត មុនចេញដំណើរទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយនាពេលឆាប់ៗខាងមុខ។

ប្រមុខសហព័ន្ធ លោក ឆឹង យ៉ៅយ៉េន បានធ្វើការផ្ដាំផ្ញើ និងណែនាំមួយចំនួន ដល់ក្រុមកីឡាប្រដាល់សកលកម្ពុជា ពិសេសកីឡាករ-កីឡាការិនី ដែលត្រូវកាន់ទង់ជាតិកម្ពុជា ចូលរួមប្រយុទ្ធលើសង្វៀនស៊ីហ្គេមនាពេលខាងមុខ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងគោរពឲ្យបានដាច់ខាតនូវបទបញ្ជាការប្រកួត ដើម្បីស្វែងរកឧត្ដមជាតិ និងកិត្តិយសជូនជាតិ។

បន្ថែមលើនេះទៀត លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ-កីឡាការិនីកន្លងមកទាំងហាត់ក្នុងស្រុក និងក្រៅស្រុក ស្ដែងឲ្យឃើញពីភាពរីកចម្រើនទាំងសមត្ថភាព បច្ចេកទេស និងកម្លាំង ដែលឈានដល់គុណភាពកម្រិតខ្ពស់មួយ ក្នុងក្ដីសង្ឃឹមឈ្នះមេដាយ។ ដូច្នេះស៊ីហ្គេមលើកនេះ គឺជាឱកាសពួកគេខំប្រឹង ដើម្បីដណ្ដើមមេដាយជូនជាតិ។

ទន្ទឹមជាមួយគ្នាផងដែរ អនុប្រធានសហព័ន្ធខាងលើ ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១១នាក់ ក្នុងម្នាក់ ២០០ដុល្លារ។ ហើយលោក Masahiro Isobe នាយកប្រតិបត្តិគណៈកម្មាធិការកីឡាប្រដាល់អាជីព ក៏បានឧបត្ថម្ភថវិកាដល់ក្រុមកីឡាករ-កីឡាការិនីប្រដាល់សកលជម្រើសជាតិ ៨រូប ដែលត្រូវចេញទៅប្រកួតស៊ីហ្គេម ក្នុងម្នាក់ ៥០ដុល្លារបន្ថែមផងដែរ។

សូមបញ្ជាក់ថា ក្រុមកីឡាប្រដាល់សកលកម្ពុជា គ្រោងចេញដំណើរទៅទីក្រុងហាណូយ នាថ្ងៃទី១២ ខែឧសភា ចំថ្ងៃបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១។ ដោយឡែកកាលពីប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កីឡាប្រដាល់សកលកម្ពុជា គឺដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង៕