(មីឡាន)៖ Liverpool របស់អង់គ្លេសបានលេងឈ្នះទាំង ៦ប្រកួតនៅពេលយកឈ្នះម្ចាស់ផ្ទះ AC Milan ២-១ បញ្ចប់ពូល B នារាត្រីឆ្លងចូលព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

banner

កីឡាករ Mohamed Salah រកបាន ១គ្រាប់នៅនាទី៣៦ មុនពេល Origi ដែលរកបានគ្រាប់ជ័យជម្នះ ១-០ ទៅលើម្ចាស់ផ្ទះ Wolverhamton Wanderers ក្នុង Premier League នោះ បន្ថែមគ្រាប់ទី២ នៅនាទី៥៥ ដ្បិតក្រុមរបស់ Zlatan Ibrahimovic រកបានតែ ១គ្រាប់ដោយកីឡាករ Tomori ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមនឹងគេដែរ។

Divock Origi ទើបតែបាន ១គ្រាប់ដំបូងនៅពានអឺរ៉ុប UEFA Champions League គិតចាប់តាំងពីផ្តាច់ព្រ័ត្រនាឆ្នាំ២០១៩ មក នៅពេលហង្សក្រហម Liverpool លើកពាន។

ដូចគ្នានោះដែរ Liverpool បានក្លាយជាក្រុមទី១ របស់អង់គ្លេសដែលលេងមិនចាញ់ ៦ប្រកួតក្នុងពូលនៅ UCL នៅក្រោយពេលពួកគេធ្វើបានល្អទៀតនៅទឹកដីប្រទេសអ៉ីតាលីក្នុងប្រកួតបិទចុងក្រោយ នៅពេលអ្នកចាត់ការទូទៅ លោក Jurgen Klopp បានធ្វើការផ្លាស់ប្តូរកីឡាករថ្មីដល់ទៅ ៨នាក់ មុនឈានដល់ការប្រកួតវគ្គ ១៦ក្រុម គ្រាដែល AC Milan ដែលឈរនៅកំពូលតារាងនៃ Serie A នោះអស់ឱកាសលេងពានអឺរ៉ុបត្រឹមនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង។

Liverpool ដែលកំពុងធ្វើបានល្អទាំងនៅ Premeir League ផងនោះ ក៏ស្ថិតក្នុងចំណោម ៣ក្រុមដែលលេងឈ្នះ ១០០%ក្នុងវគ្គសន្សំពិន្ទុនេះដែរ ដ្បិត Ajax បន្តឈ្នះក្រុមភ្ញៀវ Sporting Lisbon ៤-២ និង Bayern Munich ត្រៀមបញ្ចប់ពូល ដោយប៉ះ FC Barcelona រាត្រីនេះនៅទឹកដីអាល្លឺម៉ង់៕