(ភ្នំពេញ)៖ ទីបំផុត បវរកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា «Miss World Cambodia» គឺកញ្ញា ភុំ សោភ័ណ្ឌ បានធ្វើដំណើរប្រកបដោយសុវត្ថិភាព ទៅដល់ប្រទេសព័រតូរីកូហើយនៅថ្ងៃនេះ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតលក្ខណៈអន្តរជាតិ «Miss World 2021» លើកទី៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ នៅទីក្រុង San Juan ប្រទេសព័រតូរីកូនេះ។

banner

ពេលទៅដល់ប្រទេសព័រតូរីកូភ្លាម កញ្ញា ភុំ សោភ័ណ្ឌ បានប្រកាសតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ «Miss World Cambodia» ឲ្យដឹងថា «ខណៈពេលនេះ ខ្ញុំបានមកដល់ប្រទេសព័រតូរីកូ ដោយសុវត្ថិភាព អរគុណបងប្អូនទាំងអស់គ្នា ដែលបាននឹកចាំ នឹងសួរសុខទុក្ខនៃការធ្វើដំណើររបស់ខ្ញុំ។ អរគុណក្រុមការងារដែលខិតខំ ដើម្បីការប្រកួតមួយនេះ ដើម្បីប្រទេសជាតិមួយនេះ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព អរគុណចា៎!»

ជាការកត់សម្គាល់ ពេលនៅក្នុងប្រទេសកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ តែងតែងបានធ្វើការហ្វឹកហាត់សមត្ថភាព ត្រៀមខ្លួនរួចជាស្រេច និងពោរពេញទៅដោយភាពជឿជាក់មោះមុត ក្នុងការឆ្ពោះទៅកាន់ការប្រកួតសម្រស់ ដ៏អស្ចារ្យលើឆាកអន្តរជាតិ។ ជាមួយនឹងការចេញដំណើរនេះ បវរកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជារូបនេះ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីនាំយកវប្បធម៌ និងអរីយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ និងពាំនាំយកមកវិញនូវភាពជោគជ័យ ជូនដល់ប្រទេសជាតិរបស់ខ្លួនផងដែរ។

សូបញ្ជាក់ថា ម្ចាស់ជយលាភីគ្រងមកុដ Miss World Cambodia ឆ្នាំ២០២០ កញ្ញា ភុំ សោភ័ណ្ឌ ត្រូវបានជ្រើសរើស ឲ្យក្លាយជាបវរកញ្ញាឯកតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ «Miss Word 2021» ដែលនឹងប្រារព្ធឡើងនៅឯប្រទេសព័រតូរីកូ។ កញ្ញា ភុំ សោភ័ណ្ឌ បានធ្វើដំណើរទៅដល់កន្លែងស្នាក់នៅហើយ គឺសណ្ឋាគារ «Hyatt Regency» ប្រទេសព័រតូរីកូ ដោយសុខសុវត្ថិភាព ដើម្បីត្រៀមខ្លួនប្រកួត ដ៏ស្វិតស្វាញនាថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ៕