(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្រេចអនុញ្ញាតឲ្យជនបរទេសចុះឈ្មោះចូលរួម ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប វិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការប្រកួតលើគ្រប់វិស័យឡើងវិញ រួមទាំងការលើកលែងការធ្វើចត្ដាឡីស័កជាដើម។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្របពេលព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងត្រូវរៀបចំជាថ្មី ក្រោយខកខាន ១ឆ្នាំ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ឡើងវិញ។

លោកបញ្ជាក់ថា «កាលមុនយើងបានស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំត្រឹមថា មិនមានអ្នកចុះឈ្មោះពីបរទេស តែឥលូវដោយសាររាជរដ្ឋាភិបាលបានបើកប្រទេស ដោយមិនមានការធ្វើចត្ដាឡីស័ក ចឹងបរទេស គាត់ចង់ចូលរួមក៏ចូលបានដែរ ឲ្យតែគាត់អាចធ្វើដំណើរមកដល់កម្ពុជា។ អ៊ីចឹងការបើកជំហរនេះ ធ្វើឲ្យយើងមានលទ្ធភាពក្នុងការទទួលយកជនបរទេសមួយចំនួន ដែលគាត់អាចចូលរួមបាន ក្នុងដំណាក់កូវីដ-១៩»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «អ្វីដែលយើងធ្វើពេលនេះ គឺមានអត្ថន័យជ្រាលជ្រៅ នៅក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញ និងជាដំណាក់កាលចាកចេញពីវិបត្តិកូវីដ-១៩ ជាបណ្ដើរៗ។ ការចាកចេញពីវិបត្តិកូវីដនេះ យើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈ និងជួយជ្រោមជ្រែង ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិរបស់យើងឡើងវិញ»

បន្ថែមលើនេះ NOCC និងដៃគូ បានប្ដេជ្ញានឹងពង្រីកព្រឹត្តិការណ៍នេះឲ្យកាន់តែធំ ហើយទាក់ទាញដូចដើម ឬលើសដើម ដែលធ្លាប់មានអ្នករត់ជាង ១ម៉ឺននាក់ ដោយផ្អែកលើសក្ដានុពល តំបន់បេតិកភណ្ឌពិភពលោក រួមផ្សំជាមួយការកែប្រែមុខមាត់ថ្មី នៃក្រុងសៀមរាប។ ដូច្នេះគណៈកម្មការរៀបចំមានមហិច្ឆតានឹងទាក់ទាញអ្នកចូលរួមព្រឹត្តិការណ៍នេះឲ្យបាន ២ម៉ឺន ទៅ ៣ម៉ឺននាក់ នាថ្ងៃអនាគត។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកថា «គោលដៅរបស់យើង គឺធ្វើឲ្យទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្តនេះ ក្លាយទៅជាដែកឆក់មួយដ៏ធំសម្រាប់ទាក់ទាញទេសចរណ៍ និងអ្នករត់ទាំងអស់ជុំវិញពិភពលោក ជារៀងរាល់ឆ្នាំ ដែលយើងធ្វើបានជាង ១ម៉ឺននាក់ហើយ។ តែជាមហិច្ឆតារបស់យើង គឺធ្វើឲ្យបាន ២ម៉ឺន ទៅ ៣ម៉ឺននាក់ ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំទៀត»

ចំពោះទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត នាដើមខែក្រោយវិញ លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ បានបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមជាង ២ពាន់នាក់ហើយ ។ តែគណៈកម្មការបានពន្យារពេលការចុះឈ្មោះ ១សប្ដាហ៍ទៀត។ ដូច្នេះលោកបានអំពាវនាវឲ្យកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ចុះឈ្មោះឲ្យបានរួសរាន់ ដើម្បីងាយស្រួលក្នុងរៀបចំសម្ភារៈជូន។

លោកបន្ថែមថា ការរៀបចំឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនៗ ដោយផ្ដោតលើសុវត្ថិភាពខ្ពស់ ទាំងការរត់ និងការបង្ការជំងឺកូវីដ-១៩។ ហេតុនេះ កីឡាករ-កីឡាការិនីចូលរួមទាំងអស់ នឹងត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល មុនចូលទីលានប្រកួត ត្រូវបាញ់អាកុល និងវាស់កម្ដៅជាដើម ខណៈបើកម្ដៅមិនប្រក្រតី នឹងត្រូវធ្វើរហ័សភ្លាមៗ។ រីឯពេលរត់ ក៏ត្រូវពាក់ម៉ាស់រត់ចម្ងាយយ៉ាងហោច ១០០ម៉ែត្រផងដែរ។

គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំដ៏ធំ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយ NOCC និងអាជ្ញាធរខេត្តសៀមរាប ដោយមានអ្នកចូលរួមលើកចុងក្រោយកាលពីឆ្នាំ២០១៩ ជាង ១ម៉ឺននាក់។ ប៉ុន្ដែក្រោយផ្ទុះជំងឺរាតត្បាតជាសកលកូវីដ-១៩ គណៈកម្មរៀបចំព្រឹត្តិការណ៍នេះ ក៏សម្រេចលុបចោលការរៀបចំផ្ទាល់កាលពីឆ្នាំ២០២០ ដោយប្ដូរមកជាការរត់ស្ម័គ្រចិត្ត ឬ Virtual Run វិញ ដើម្បីអបអរខួបលើកទី២៥ របស់ខ្លួន៕