(ដាប់លីន)៖ ទីក្រុង Glasgow របស់ប្រទេសស្កុតឡេន និង Dublin នៃប្រទេសអៀរឡង់ បានកំពុងប្រឈមនឹងការអត់បានធ្វើម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020 ដោយសារកំពុងទទួលរងវិបត្តិ Covid-19 ខ្លាំងក្លាជាងគេក្នុងចំណោមទីក្រុងទាំង ១២នៅទូទាំង ១០ប្រទេសដែលត្រៀមធ្វើម្ចាស់ផ្ទះ។

សហព័ន្ធបាល់ទាត់ FA របស់ស្កុតឡេនបានរង់ចាំអស់រយៈពេល ២៣ឆ្នាំមកហើយក្នុងការធ្វើម្ចាស់ផ្ទះ UEFA Euro មួយនេះ ដ្បិតប្រទេសនៅអឺរ៉ុបនេះក៏កំពុងទទួលរងវិបត្តិ Covid-19 ខ្លាំងក្លាជាងគេដោយមិនទាន់ស្រាកស្រាន្តឡើយ និងបានកំពុងរកច្រកចេញតាមរយៈពិភាក្សាជាមួយ UEFA បន្តទៀតដែរ។

ដូចគ្នានោះដែរ រដ្ឋាភិបាលនៃប្រទេសអៀរឡង់ ក៏បានដាក់បម្រាមមិនឲ្យអ្នកទស្សនាក្នុងទីលានយ៉ាងហោចណាស់ក៏ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដែរនៅមុនពេលព្រឹត្តិការណ៍ Euro 2020 ដែលត្រូវលើកមកប្រកួតនៅឆ្នាំវិញ នឹងចាប់ផ្តើមពីខែមិថុនាដល់ខែកក្កដា។

ទាំងកីឡដ្ឋាន Hampden Park របស់ស្កុតឡេន និង Aviva Stadium របស់អៀរឡង់ នឹងធ្វើម្ចាស់ផ្ទះនៃការប្រកួតសន្សំពិន្ទុក្នុងពូលនៅ Euro 2020 ដូចៗគ្នា ដោយនៅសល់រយៈពេលជាង ១០០ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រកួតផ្លូវការ៕