(ញ៉ូវដេលី)៖ ក្រុមហ៊ុនចិន ByteDance បានផ្ញើលិខិតជូនបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងប្រទេសឥណ្ឌាឱ្យបានដឹងថា ក្រុមហ៊ុន នឹងធ្វើការកាត់បន្ថយកម្លាំងពលកម្ម ដែលលិខិតនេះត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលឥណ្ឌាប្រកាស ហាមឃាត់កម្មវិធី App របស់ចិនទាំង ៥៩ផ្លូវជាការ ក្នុងនោះមាន TikTok មួយផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ByteDance ដែលជាមេធំរបស់ TikTok បានបញ្ជាក់ថា ដោយសារតែ រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តបិទកម្មវិធី TikTok និងកម្មវិធីផ្សេងចំនួន ៥៨ទៀត ជាអចិន្ត្រៃយ៍ ដូច្នេះហើយក្រុមហ៊ុន ក៏ បានសម្រេចចិត្តកាត់បន្ថយកម្លាំងពលកម្ម។

«យើងមិនអាចទទួលខុសត្រូវចំពោះ បុគ្គលិកដែលកំពុងបម្រើការងារពេញម៉ោងបានទេ ខណៈដែល នៅពេលនេះ ប្រតិបត្តិការរបស់យើង ត្រូវបានរដ្ឋាភិបាលឥណ្ឌាហាមឃាត់ទាំងស្រុង ហើយយើងក៏មិនដឹងថា ពេលណាអាចត្រឡប់មកវិញបានដែរ...»។ នេះជា អ្វីដែល ByteDance បានបញ្ជាក់នៅក្នុងលិខិត។

កាលពីឆ្នាំ ២០១៩កន្លងទៅនេះ ក្រុមហ៊ុន ByteDance បានប្រកាសបោះទុន ១ពាន់លានដុល្លារអាមេរិក វិនិយោគទៅលើ កម្មវិធី TikTok នៅក្នុងប្រទេសឥណ្ឌា ដែលជាកន្លែងមានចំនួនអ្នកប្រើ TikTok ច្រើនជាងគេបំផុត៕