(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញអាមេរិក Walmart Inc បានប្រកាសឱ្យដឹងថា ដើម្បីជួយសម្រួលការងាររបស់បុគ្គលិក នាពេលបច្ចុប្បន្ន ក្រុមហ៊ុនគ្រោងដាក់ឱ្យប្រើប្រាស់មនុស្សយន្ត (Robot-staff) ជំនួសកិច្ចការងារមួយចំនួន នៅក្នុងឃ្លាំងទំនិញ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

Walmart បានប្រកាសថា ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល់នោះ ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យប្រើ Robot-staff ជំនួស មនុស្ស ទៅលើការងារ មួយចំនួន ដូចជាការងារលើកដាក់ និងដឹកជញ្ជូនទំនិញនៅក្នុងឃ្លាំងទំនិញ។ ត្បិតតែ Robot មិនបានជួយសម្រួល ការងារមនុស្សច្រើនក្ដី ក៏ប៉ុន្តែ Walmart បានសិក្សារួចរាល់ហើយទៅលើកិច្ចការមួយចំនួន ដែល Robot អាចជំនួសមនុស្សបាន។

«យើងមិនចង់ផ្លាស់ប្ដូរ ឬកាត់បន្ថយកម្លាំងពលកម្មមនុស្សនោះទេ ប៉ុន្តែអ្វីដែលយើងកំពុងតែគិតនៅពេលនេះគឺជាការងារមួយដែល ជួយ សម្រួលការងារបុគ្គលិកទៅវិញទេ ខណៈដែលនៅមានការងារជាច្រើន ដែល Robot មិនអាចធ្វើបាន តែមនុស្សអាចធ្វើបាន»។ នេះ ជា អ្វី ដែល Walmart បញ្ជាក់ប្រាប់ Reuters ។

គួរបញ្ជាក់ផងដែរថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតនៅលើពិភពលោក ដែលមាន Store រហូតដល់ ៥០០០កន្លែង នៅ ជុំវិញពិភពលោក៕