(ភ្នំពេញ)៖ ក្រុមហ៊ុន មរកត ថេកណឡជី (Morakot Technology) សហការជាមួយ ក្រុមហ៊ុន ភីស៊ីជី ផាតណឺ (PCG Partner) បានរៀបចំសិក្ខាសាលាស្តីពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល សម្រាប់ស្តង់ដាររបាយកាណ៍ ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (CIFRS - SME) ដោយមានការចូលរួមពីតំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុ និង ធនាគារចំនួន ៤៣ស្ថាប័ន។

សិក្ខាសាលានេះ បានប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន ទន្លេបាសាក់២ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១។ ក្រុមហ៊ុនមរកត ថេកណឡជី ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនាំមុខគេមួយក្នុងប្រទេសកម្ពុជា ដែលអភិវឌ្ឍ និង ផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សព្វថ្ងៃ ក្រុមហ៊ុនមរកតកំពុងបម្រើអោយធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចំនួន ៤៧ នៅក្នុងប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា។

ក្រុមហ៊ុន ភីសីជី ផាតណឺ ជាក្រុមហ៊ុន ផ្តល់សេវាប្រឹក្សាយោបល់ លើការបង្កើតគោលនយោបាយ និង គ្រប់គ្រង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាជីវកម្ម។ ស្តង់ដាររបាយការណ៍ទាក់ទងនិងហិរញ្ញវត្ថុអន្តរជាតិគឺជា គឺជាបទដ្ឋានអន្តរជាតិ ដែលត្រូវបានប្រើប្រាស់ សំរាប់រៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ ស្តង់ដារនេះត្រូវបានដាក់អោយប្រើប្រាស់ជាលើកដំបូងនៅប្រទេសកម្ពុជានៅ ឆ្នាំ២០១០។

ធនាគារជាតិនៃកម្ពុជា បានតម្រូវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំអស់ អនុវត្ថស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុ នេះ ចាប់ពីឆ្នាំ២០១៩ កន្លងមក ។ ក្រុមហ៊ុន មរកត បានចាប់ផ្តើមសិក្សាលើស្តង់ដារនេះ ហើយក៏បានអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០២០ ដោយចំណាយពេល ១០ខែ។ ទីបំផុត ក្រុមហ៊ុនមរកតក៏បានបញ្ចប់ការអភិវឌ្ឍ និង បច្ចុប្បន្នភាពផ្អែកលើស្តង់ដារថ្មីនេះ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ហើយក៏ត្រៀមខ្លួនរួចរាល់ក្នុងការដាក់ឲ្យប្រើប្រាស់ជូនអតិថិជនរបស់ខ្លួនចាប់ពីថ្ងៃនេះតទៅ។

លោក ឃួន សុភ័ទ្ធ អគ្គនាយកក្រុមហ៊ុនមរកត ថេកណឡជី បានសង្ឃឹមថាការធ្វើបច្ចុប្បន្នថ្មីនេះ នឹងជួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារអាចរអនុលោមបានទាំងស្រុង តាមគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា យើងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអ្នកពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើឲ្យប្រព័ន្ធរបស់មរកតកាន់តែប្រសើរ៕