(កូរ៉េ)៖ ស្ថានីយទូរទស្សន៍ MBC Plus បានរាយការណ៍ថា កម្មវិធីផ្សាយផ្ទាល់ «Show Champion» របស់ខ្លួន ត្រូវបានសម្រេចលុបចោលជាបន្ទាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុគ្គលិកម្នាក់មានទំនាក់ទំនងផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ១៩ បានចូលរួមការងារផលិតកម្មវិធីនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

ប្រភពពី MBC Plus នៅថ្ងៃទី២៧ ខែមករានេះ បានឲ្យដឹងថា ក្រុមការងារនៃកម្មវិធី «Show Champion» បានជូនដំណឹងថា បុគ្គលិកម្នាក់មកពីផលិតកម្មរបស់ក្រុមហ៊ុនផ្សេងទៀត ដែលចូលរួមកម្មវិធីនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវិជ្ជមានកូវីដ១៩។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រុមផលិតកម្មវិធីក៏ប្រញាប់បញ្ឈប់ការថតទុកមុនភ្លាម ដើម្បីបង្ការការរីករាលដាលកូវិដ១៩ ហើយក៏សម្រេចលុបចោលការផ្សាយផ្ទាល់ កម្មវិធីនេះតែម្តង។

ជុំវិញករណីនេះ បុគ្គលិកផ្សេងទៀត ដែលចូលរួមធ្វើការងារនេះ បានប៉ះពាល់ដោយប្រយោល បច្ចុប្បន្នត្រូវបានបញ្ចូនទៅធ្វើតេស្តរកកូវីត១៩ភ្លាមៗ ខណៈលទ្ធផលនឹងបញ្ចេញនៅព្រឹកថ្ងៃទី២៨ ខែមករា ស្អែកនេះ៕