(កូឡាឡាំពួរ)៖ បឹងកេតអេហ្វស៊ី ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល G ជាមួយក្លិប Hanoi FC របស់វៀតណាម និង Bali United របស់ឥណ្ឌូនេស៊ី និង ១ក្រុមទៀតលេងវគ្គជម្រុះក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2021។

ក្នុងពិធីចាប់ឆ្នោតដែលត្រូវបានធ្វើឡើងនារសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការ AFC ដែលស្ថិតក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ ក្នុងចំណោម ៣៩ក្រុមចូលរួមចែកចេញជា ១០ពូល ដោយក្នុង ១ពូលមាន ៤ក្រុម។

ជាលទ្ធផលបឹងកេត ដែលជាអតីតម្ចាស់ជើងឯកពានលីគកំពូលកម្ពុជា ៤សម័យកាលរួមទាំងឆ្នាំ២០២០ ផងនោះ នឹងត្រូវតតាំងជាមួយក្រុមមកពីវៀតណាម ឥណ្ឌូនេស៊ី និង១ក្រុមទៀតឆ្លងកាត់វគ្គជម្រុះដែលមានក្លិបមកពីឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា មុនការប្រកួតវគ្គសន្សំពិន្ទុផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី២២-២៨ ខែមិថុនា ឆ្នាំ២០២១ តទៅសម្រាប់ក្រុមប្លុកនៅអាស៊ាន។

កម្ពុជា នៅសល់កន្លះកៅអីទៀតគឺ វិសាខា ជាជើងឯកពានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឆ្នាំ២០២០ ដែលត្រូវឆ្លងកាត់វគ្គជម្រុះ ដើម្បីគម្រប់កៅអី Group stage ក្នុងយុទ្ធនាការ AFC Cup 2021 ដោយវគ្គជម្រុះនឹងធ្វើឡើងនាខែមេសាខាងមុខនេះ៕