(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានឈានដល់ការតែងតាំងលោក Thomas Tuchel ជាគ្រូបង្វឹកថ្មី ដឹកនាំបន្តពីលោក Frank Lampard ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

អ្នកចាត់ការទូទៅ សញ្ជាតិអាល្លឺម៉ង់ Tuchel ក៏ទើបត្រូវបានក្លិបអ្នកមានបារាំង Paris Saint-Germain ទើបបញ្ចប់តំណែងក្នុងខែមករា ឆ្នាំ២០២១ នេះដែរ ដែលបានចុះកិច្ចសន្យានៅ Stamford Bridge រយៈពេល ១៨ខែ ជាមួយនឹងជម្រើសបន្ថែមទៀតដែរ។

បុរសវ័យ ៤៧ឆ្នាំ Thomas Tuchel បានក្លាយជាអ្នកចាត់ការទូទៅលើកទី១១ ក្នុងការដឹកនាំតោខៀវ Chelsea ដែលលេងនៅលីគកំពូលអង់គ្លេស Premier League បច្ចុប្បន្ន ក្រោមការគ្រប់គ្រងរបស់ក្លិបដែលមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich គិតចាប់តាំងពីឆ្នាំ២០០៣ មក។

លោក Thomas Tuchel នឹងត្រូវដឹកនាំតោខៀវ Chelsea ប៉ះក្រុម Wolverhamton Wanderer នៅកីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃពុធនេះ ដែលជា ១ប្រកួតដំបូងរបស់លោកក្នុងយុទ្ធនាការ Premier League នៅពេលក្រុមប្រចាំទីក្រុង London មួយនេះធ្លាក់ដល់លេខរៀងទី១០ ដោយទើបរកបាន ២៩ពិន្ទុពី ១៩ប្រកួតរបស់ពួកគេនៅឡើយ៕