(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះអនុស្សរណៈយោគយល់គ្នារយៈពេល៥ឆ្នាំ បន្ដទៅមុខទៀត (២០២១-២០២៥) ដោយផ្ដោតសំខាន់លើ៣ចំណុចជារួម។

ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងអមដំណើរដោយសហការីនៃស្ថាប័នអប់រំឧត្តមសិក្សាទាំងពីរផងដែរ។

អនុស្សរណៈយោគយល់គ្នានេះ បានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើ៖
១៖ ការអនុវត្តបច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន (TnL) តាមអនឡាញ
២៖ ការរៀបចំបង្កើតកម្មវិធី អាជីវកម្មបង្កើតថ្មី (Startup) និងសហគ្រាសធុនតូច និងមធ្យម (SME) សម្រាប់ឱ្យនិស្សិតនៃស្ថាប័នទាំងពីរអនុវត្ត និងទទួលបានបទពិសោធន៍ក្នុងអាជីវកម្ម
៣៖ សហការក្នុងការស្រាវជ្រាវ និងការផ្លាស់ប្តូរធនធានគ្រូបង្រៀន។ ភាពជាដៃគូរវាងស្ថាប័នអប់រំនៅកម្ពុជា ជាឆន្ទៈនិងគោលបំណងដ៏មុះមុតរបស់ថ្នាក់ដឹកនាំទាំងពីរ។

គួរបញ្ជាក់ថា អនុស្សរណៈនេះ នឹងផ្តល់ឱកាសដល់និសិ្សតនៃស្ថាប័នទាំងពីរ រៀនសូត្រនូវចំណេះដឹងថ្មីៗទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង និងទទួលបានបទពិសោធន៍ដោយផ្ទាល់៕