(កូរ៉េ)៖ ពិធីបុណ្យសពរបស់តារាចម្រៀងរ៉េបកូវីដ Iron ត្រូវបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាតិ នៅទីក្រុងសេអ៊ូល ជាលក្ខណៈឯកជន។ ទន្ទឹមគ្នានេះក្រុមគ្រួសាររបស់ Rapper Iron បានប្រកាសថា ពួកគេនឹងមិនធ្វើកោសល្យវិច្ឆ័យលើសាកសពរបស់ Iron ឬបើកការស៉ើបអង្កេតលើករណីស្លាប់របស់តារារូបនេះទេ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន allkpop នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតក្នុងស្រុក បងស្រីរបស់ Iron បានឲ្យដឹងថា ក្រុមគ្រួសាររបស់ពួកគេមិនមានគំនិត ស្នើសុំឲ្យធ្វើកោសល្យវិច្ឆ័យលើសាកសពរបស់ Iron នោះទេ ព្រោះលោកត្រូវបានរៀបចំដាក់ក្នុងមឈូសរួចរាល់ហើយ។ ក្រុមគ្រួសាររបស់ Iron ក៏បានសម្តែងការសោកស្តាយផងដែរ នៅពេលឃើញមានការចុះផ្សាយព័ត៌មានថា ប៉ូលីសនឹងកំណត់ ថាតើនឹងត្រូវធ្វើកោសល្យវិច្ឆ័យឬក៏អត់ បន្ទាប់ពីជជែកជាមួយក្រុមគ្រួសារនៃសព។

បងស្រីរបស់ Iron បន្ថែមថា កាលមិនទាន់ស្លាប់ Iron បានទំនាក់ទំនងមកគ្រួសារជាប្រចាំនាពេលថ្មីៗនេះ។ Iron តែងមានទំនោរថា នឹងធ្វើខ្លួនឲ្យក្លាយជាមនុស្សឥតខ្ចោះ ហើយ Iron មានភាពស្មុគស្មាញមួយចំនួន ជាមួយការងារតន្ត្រីរបស់គេ ប៉ុន្តែរូបគេមិនមានបញ្ហាសុខភាពនោះទេ។

គួរជម្រាបថា Iron ត្រូវបានសន្តិសុខដែលកំពុងយាមល្បាត ប្រទះឃើញដេកហូរឈាម នៅសួនផ្កាមុខអគារស្នាក់នៅ ម៉ោងប្រហែល ១០៖២៥នាទីព្រឹកថ្ងៃទី២៥ មករា (ពេលវេលានៅកូរ៉េ)។ ក្រោយមកក៏ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ប៉ុន្តែត្រូវបានប្រកាសថា បាត់បង់ជីវិតទៅហើយ៕