(អាមេរិក)៖ កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន Huawei បានសម្រេចចិត្តលក់អាជីវកម្មទូរស័ព្ទចល័តម៉ាកសញ្ញា Honor និងក្រោយមកទៀតមានព័ត៌មានថា Huawei គ្រោងលក់អាជីវកម្មទូរស័ព្ទចល័តទាំងមូលតែម្ដង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានចេញ លិខិតផ្លូវការថា ខ្លួនគ្មានគម្រោងលក់ អាជីវកម្មទូរស័ព្ទចល័តនោះទេ ផ្ទុយទៅវិញមានតែពង្រឹង និងដាក់ចេញនូវទូរស័ព្ទកំពូលៗ ជា ច្រើន ថែមទៀតដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

នៅមុននេះ សារព័ត៌មាន Reuters បានចេញផ្សាយថា ក្រុមហ៊ុន Huawei បានជួបចរចាជាមួយនឹងក្រុមហ៊ុនផ្សេងៗមួយចំនួន ដើម្បី លក់ ស្មាតហ្វូនក្រោមស្លាកសញ្ញា P និង Mate ពោលគឺដូចលក់ Honor ប៉ុន្តែនៅពេលនេះ ត្រូវបានក្រុមហ៊ុន Huawei ចេញសេចក្ដីប្រកាស ជាផ្លូវការច្រានចោលព័ត៌មាននោះ។

ក្រុមហ៊ុន Huawei បានជួបបញ្ហាជាច្រើនពាក់ព័ន្ធនឹងទីផ្សារស្មាតហ្វូន ដូចជាអាមេរិកដាក់ទណ្ឌកម្ម និងក្រុមហ៊ុន Google បិទមិនឱ្យប្រើប្រព័ន្ធដំណើរការ Android ស្របពេលដែលក្រុមហ៊ុនផលិតឈីបមួយចំនួន ឈប់ ផ្គត់ផ្គង់ បានធ្វើឱ្យ ការលក់ ស្មាតហ្វូន បាន ធ្លាក់ចុះ ប៉ុន្តែមិនមែនមានន័យថា Huawei បោះបង់អាជីវកម្មមួយនេះទេ៕