(អង់គ្លេស)៖ អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យានៅតែមិនទាន់ស្រាយចម្ងល់ឱ្យបានជាក់ច្បាស់នៅឡើយ ជុំវិញអាថ៌កំបាំងរបស់គំនរសិលាស្តូនហ៊ែងជិ៍ (Stonehenge) ដ៏ល្បីល្បាញនៅលើទឹកដីចក្រភពអង់គ្លេស ដោយគេគ្រាន់តែដឹងថាវាជាសំណង់របស់មនុស្សសម័យបុរេប្រវត្តិតាំងពីជាង ៥០០០ ឆ្នាំមុនមកម្ល៉េះ។

បរិវេណគំនរសិលាស្តូនហ៊ែងជិ៍នេះមានវិសាលភាពដល់ទៅ ៣ គីឡូម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅខាងកើតទីក្រុងអេមស្បឺរី (Amesbury) នៃតំបន់វ៉ឺតស្សឺរ (Wiltshire) ប្រទេសអង់គ្លេស ចម្ងាយពីទីក្រុងឡុងដ៍ប្រមាណ ១៦ គីឡូម៉ែត្រ។

នៅទីនោះ មានគំនរសិលាតូចធំចំនួន ១១២ ដុំ ដែលត្រូវបានគេដាក់តម្រៀបលើគ្នាចេញរាងជារង្វង់ ខណៈដុំសិលាខ្លះត្រូវគេបញ្ឈរជាប់នឹងដីត្រង់ទៅលើ ដុំខ្លះទៀតដួលទៅលើដី ហើយមួយចំនួនផ្សេងទៀតត្រូវគេដាក់បន្តុបពីលើសិលាដែលបញ្ឈរនោះ។

រង្វង់សិលានេះមានសណ្ឋានជារង្វង់ខាងក្រៅ រង្វង់កណ្ដាល និងរង្វង់ខាងក្នុង។ រង្វង់ខាងក្រៅមានអង្កត់ផ្ចិត ៣០.៥ ម៉ែត្រ ដែលមានសិលាចំនួន ៣០ ដុំ ដោយក្នុងមួយដុំៗមានកម្ពស់ជាង ៣ ម៉ែត្រ រីឯរង្វងកណ្ដាលមានអង្កត់ផ្ចិត ២៣ ម៉ែត្រ ដែលមានសិលាចំនួន ៤០ ដុំ ប៉ុន្តែមានតែ ២ ដុំប៉ុណ្ណោះ ដែលនៅឈរត្រង់ ហើយមានកម្ពស់ ៦.៧ ម៉ែត្រ ចំណែកឯសិលានៅរង្វង់ខាងក្នុងវិញមានអង្កត់ផ្ចិត ១៥ ម៉ែត្រ ដែលមានសិលាចំនួន ៤២ ដុំ កម្ពស់ចន្លោះពី ២.‌១ ដល់ ៤ ម៉ែត្រ និងមានទម្ងន់ជាមធ្យម ២៥ តោន។

សំណង់សិលាទាំងនេះត្រូវបានក្រុមអ្នកបុរាណវិទ្យាសន្មតថា ប្រហែលជាត្រូវបានកសាងឡើងតាំងពីឆ្នាំ ៣០០០-២០០០ មុនគ្រិស្ដសករាជ ពោលគឺតាំងពីជាង ៥០០០ ឆ្នាំមុនមកម្ល៉េះ។

ក្នុងយុគសម័យទំនើបនេះ ស្តូនហ៊ែងជិ៍ គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញប្រចាំចក្រភពអង់គ្លេស ហើយក៏ជានិម្មិតរូបវប្បធម៌របស់ប្រទេសមហាអំណាចមួយនេះផងដែរ។ កាលពីឆ្នាំ១៨៨២ សភាអង់គ្លេសបានអនុវត្តកិច្ចអភិរក្សនៅតំបន់ស្តូនហ៊ែងជិ៍នេះប្រកបដោយភាពជោគជ័យ ដោយចាត់ទុកតំបន់នេះជាតំបន់បេតិកភណ្ឌដ៏សំខាន់មួយរបស់ជាតិ។ រហូតដល់ឆ្នាំ១៩៨៦ តំបន់ស្តូនហ៊ែងជិ៍ទាំងមូលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

បច្ចុប្បន្នតំបន់បេតិកភណ្ឌពិភពលោកនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជវង្សានុវង្សចក្រភពអង់គ្លេស សហការជាមួយអាជ្ញាធរជាតិបេតិកភណ្ឌអង់គ្លេស ដើម្បីអភិរក្សថែរក្សា និងគ្រប់គ្រងសម្បត្តិបេតិកភណ្ឌរបស់ជាតិមួយនេះឱ្យបានល្អប្រសើរ។

គេនៅមិនទាន់ដឹងច្បាស់ថា ស្តូនហ៊ែងជិ៍ត្រូវបានកសាងដោយនរណា និងសាងឡើងដើម្បីអ្វីនោះទេ ដែលវានៅតែជាប្រស្នាដ៏អាថ៌កំបាំងមួយគួរជាទីចាប់អាមរ្មណ៍ ហើយក្រុមបុរាណវិទូក៏នៅតែបន្តការស្រាវជ្រាវរហូតមកទល់បច្ចុប្បន្នដែរ។ ជាក់ស្ដែង នាពេលថ្មីៗនេះ ក្រុមបុរាណវិទូបានបង្ហាញពីលទ្ធផលកំណាយថ្មីមួយទៀតថា ទីតាំងស្តូនហ៊ែងជិ៍នេះអាចជាទីបញ្ចុះសពរបស់មនុស្សសម័យបុរេប្រវត្តិតាំងពី ៣០០០ ឆ្នាំមុនគ្រិស្ដសករាជនោះមកម្ល៉េះ ហើយទំនៀមទម្លាប់នៃការបញ្ចុះសពនៅទីនេះបានបន្តមកជាហូរហែក្នុងរយៈពេល ៥០០ ឆ្នាំក្រោយមកទៀត មានន័យថា សកម្មភាពបញ្ចុះសពនៅទីតាំងនេះអាចបន្តមកដល់ឆ្នាំ ២៥០០ មុនគ្រិស្ដសករាជ៕