(អង់គ្លេស)៖ តារាភាពយន្តរូបស្រស់ម្នាក់របស់អង់គ្លេស នាង Keira Knightley នាពេលថ្មីៗនេះបានប្រកាសថា ខ្លួននឹងមិនសម្តែងឈុតក្តៅសាច់ នៅក្នុងភាពយន្តដែលដឹកនាំដោយផលិតករបុរសទេ ព្រោះមានអារម្មណ៍ថា មិនមានផាសុខភាព។ តែយ៉ាងណា នាងនឹងថតឈុតបែបនេះ ប្រសិនបើអ្នកដឹកនាំសម្ដែងជានារី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

តារាស្រី Keira Knightley ដែលបច្ចុប្បន្នមានវ័យ៣៥ឆ្នាំ ត្រូវបានគេស្គាល់ថា ជាតារាសម្តែងម្នាក់ក្នុងរឿងល្បី «ចោរសមុទ្រ» ឬ Pirates of the Caribbean។ នាងថ្លែងសារខាងលើ គឺតាមរយៈការឆ្លើយឆ្លងក្នុងកម្មវិធីមួយ ជាមួយអ្នកដឹកនាំភាពយន្ត Lulu Wang និងអ្នកនិពន្ធ Diane Solway អំពីទស្សនៈរបស់នាង នៅពេលសម្តែងភាពយន្ត ក្នុងនាមជាតារាល្បីមួយរូប។

តារាស្រីរូបនេះ បាននិយាយថា «ប្រសិនបើសម្តែងរឿងមួយដែលនិយាយពីភាពជាម្តាយ ឬក៏ឈុតដែលមានភាពអាក្រាតកាយ ខ្ញុំមានអារម្មណ៍ថា សោកស្តាយហើយ តែវានឹងអាចសម្តែងទៅបាន ប្រសិនបើអ្នកផលិតភាពយន្ត ឬអ្នកដឹកនាំជានារី។ ខ្ញុំមិនបានន័យថា វាជាបំរាមនោះទេ ប៉ុន្តែនេះជាការធ្វើការងារជាមួយបុរស»។

នាងថា «ខ្ញុំមិនចង់ឲ្យវាក្លាយជាឈុតរួមភេទដ៏រន្ធត់នោះទេ នៅពេលដែលខ្ញុំត្រូវបានលាបប្រេងពេញខ្លួន និងបន្លឺសំឡេងថ្ងូរ។ ខ្ញុំមិនចាប់អារម្មណ៍ធ្វើនោះទេ, ខ្ញុំមានអារម្មណ៍ថា មិនមានផាសុខភាពទេ នៅពេលព្យាយាមធ្វើកាយវិការផ្សេងៗ ដែលមិនមែនជាអារម្មណ៍ពិតប្រាកដ»។

គួរជម្រាបថា Keira បានចូលប្រឡូកក្នុងការងារសិល្បៈតាំងពីវ័យ៦ឆ្នាំមកម្ល៉េះ ខណៈភាពយន្តដែលនាងសម្តែងដំបូងបង្អស់គឺរឿង «Royal Celebration» ក្នុងឆ្នាំ១៩៩៣ និងរឿងបន្តបន្ទាប់ទៀត។ រហូតដល់ឆ្នាំ១៩៩៩ នាងក៏បានសម្តែងក្នុងរឿង Star Wars វគ្គ The Phantom Menace៕