(ក្រុងឡុងដ៍)៖ លោក Frank Lampard បានទម្លាយអាថ៌កំបាំងតាមរយៈសំបុត្រ ក៏ដូចជាសេចក្តីថ្លែងការណ៍ជាសាធារណៈ នៅក្រោយពេលក្លិបតោខៀវ Chelsea បានបញ្ចប់តំណែងជាគ្រូបង្វឹករបស់លោកនៅរសៀលថ្ងៃចន្ទម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ Lampard បានបញ្ជាក់ថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលដឹកនាំ Chelsea ក្នុងនាមជាក្លិបល្បីមួយ។ តែទន្ទឹមគ្នានោះ ខ្ញុំក៏មានការខកចិត្តខ្លះដែរចំពោះវេលាខ្លី ដើម្បីធ្វើឲ្យក្លិបនេះខ្លាំងឡើងវិញ នៅពេលក្លិបនេះមានគោលដៅបណ្តុះយុវជនថ្នាល ដើម្បីកោះហៅមកលេងក្រុមធំ។ ចុងបញ្ចប់ ខ្ញុំសូមក៏សូមថ្លែងអំណរគុណចំពោះប្រធានក្លិប លោក Roman Abramovich មន្រ្តីកីឡា និងកីឡាករទាំងអស់ឲ្យបន្តទទួលបានជោគជ័យទៅថ្ងៃអនាគតផងដែរ»

បុរសវ័យ ៤២ឆ្នាំសញ្ជាតិអង់គ្លេសខាងលើនេះ បានស្គាល់រសជាតិបណ្តេញចេញពីតំណែងជាលើកដំបូង ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាអ្នកចាត់ការទូទៅជាង ៤ឆ្នាំ នៅមុនពេលលាឈប់ពីក្លិប Derby County ដើម្បីបានមកដឹកនាំ Chelsea ក្នុងឆ្នាំ២០១៩។

ក្នុងការដឹកនាំ Chelsea រយៈពេល ១ឆ្នាំកន្លះមកនេះ Lampard មិនចាយលុយ ១សេនឡើយក្នុងរដូវកាលដំបូងរបស់លោកនៅ Stamford Bridge តែបានចាយលុយច្រើនជាង ២០០លានដុល្លារក្នុងរដូវកាលនេះ ដើម្បីទិញកីឡាករ ៧រូបក្នុងនោះមានកីឡាករថ្លៃជាងគេ ៣រូបរួមមាន Ben Chilwell, Kai Havertz និង Timo Werner ដែលមិនទាន់ធ្វើឲ្យទម្រង់លេងនៃក្លិបស្ថិតនៅទីក្រុង London មួយនេះ គួរជាទីពេញចិត្តនៅឡើយទេ។

អតីតកីឡាករនិម្មិតរូបប្រចាំក្លិបតោខៀវមួយនេះ ដឹកនាំ Chelsea រកបានជ័យជម្នះតែ ២៨ប្រកួតប៉ុណ្ណោះពី ៥៧ប្រកួតក្នុង Premier League ដោយពុំបានឈ្នះពានណាមួយឡើយ ក្រៅពីពានឯកត្តជនគ្រូបង្វឹកដឺកនាំល្អប្រចាំខែតុលា កាលឆ្នាំ២០១៩ ម្តងគត់៕