(ក្រុងឡុងដ៍)៖ លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅក្លិប Tottenham Hotspur បានលើកឡើងថា ក្រុមរបស់លោកត្រូវតែឈ្នះដាច់ខាត ដោយមិនទុកមុខឲ្យក្រុមណាមួយឡើយ ក្នុងការប្រកួតបន្តបន្ទាប់ខាងមុខទៀត។

ការថ្លែងប្រាប់បណ្តាញព័ត៌មាន BBC យ៉ាងដូច្នេះត្រូវបានធ្វើឡើង នៅក្រោយពេលក្រុមមាន់ខ្នាយបានកក់កៅអី ដើម្បីឡើងទៅជុំទី៥ នៃពានរង្វាន់ FA Cup ដោយត្រូវប៉ះ Everton បន្ទាប់ពីទម្លាក់គូប្រជែង Wycombe Wanderers ដែល មកពី Championship ក្នុងលទ្ធផល ៤-១ ក្រៅដីដ៏អស្ចារ្យរបស់ពួកគេ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose បានថ្លែងបន្តថា «យើងចង់រក្សាជ័យជម្នះជាបន្តទៀត។ ក្នុងខែកុម្ភៈខាងមុខនេះ យើងត្រូវលេង ៣កម្មវិធីទាំង FA Cup, Premier League និង UEFA Europa League ហើយពិតណាស់ យើងនឹងជួបការលំបាក តែយ៉ាងណាក៏យើងត្រូវតែព្យាយាមដែរ»

បន្ថែមលើនេះ Spurs ក៏នៅមានបេសកកម្មប្រកួតដណ្តើមពាន League Cup (Carabao Cup) នៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះក្រុមការពារតំណែងជើងឯក Manchester City ដែលនឹងធ្វើឡើងនៅខែមេសា ឆ្នាំ២០២១ ផងដែរ។

ក្នុងការប្រកួតបញ្ចប់ជុំទី៤ នៃពាន FA Cup នៅរាត្រីថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ ខ្សែប្រយុទ្ធ Gareth Bale, Harry Wink និង Ndombele រកបាន ២គ្រាប់ នៅពេលក្រុមម្ចាស់ផ្ទះ កីឡាករ Onyedinma រកបានតែ ១គ្រាប់នៅនាទី២៥៕