(ញ៉ូវដេលី)៖ ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានចេញសេចក្ដីជូនដំណឹងថ្មីថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចធ្វើការហាមឃាត់ កម្មវិធី App របស់ចិនចំនួន ៥៩ ក្នុងនោះរួមមានទាំង TikTok ជាអចិន្រ្តៃយ៍ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

កាសែត Times of India បានចេញផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានទុកឱកាសឱ្យ App ទាំង ៥៩នោះ ធ្វើការបកស្រាយ និងពន្យល់ពី គោលជំហរបស់ពួកគ្នា ក្នុងការអនុលោមតាមច្បាប់ប្រទេសឥណ្ឌា ជាពិសេសគឺច្បាប់ការងារ ភាពជាឯកជន និង សន្តិសុខសុវត្ថិភាព ទិន្នន័យ ផ្ទាល់ខ្លួន និងសន្តិសុខជាតិ។

«រដ្ឋាភិបាលឥណ្ឌា មិនពេញចិត្តនឹងការឆ្លើយបត ឬការពន្យល់របស់ក្រុមហ៊ុន App ទាំង ៥៩នោះទេ ដួច្នេះហើយទើបរដ្ឋាភិបាលសម្រេចចិត្តបិទកម្មវិធីទាំងនោះជាអចិន្រ្តៃយ៍តែម្ដង»។ នេះជាសំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌា បាន ថ្លែងប្រាប់សារព័ត៌មានខាងលើ។

គួរបញ្ជាក់ផងដែរថា ដោយពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន និងបញ្ហាមួយចំនួនដែលបណ្ដាឱ្យប្រទេសចិន និងឥណ្ឌា មានភាព ល្អក់កកនឹងគ្នានោះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្ដើមរឹតបន្តឹងទៅលើប្រព័ន្ធសុវត្ថិភាពតាមអនឡាញ ដោយបានហាមឃាត់កម្មវិធី App របស់ ចិនប្រមាណជា ១១៨ កាលពីខែកញ្ញាកន្លងទៅនេះ ៕