(ឡុងដ៍)៖ ក្លិបបាល់ទាត់ Chelsea បានបណ្តេញគ្រូបង្វឹក លោក Frank Lampard នាថ្ងៃចន្ទនេះ បន្ទាប់ពីកាន់តួនាទីបានរយៈពេល១៨ខែ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។

ស្របជាមួយគ្នានោះ, អតីតគ្រូបង្វឹកក្លិប Paris Saint Germain លោក Thomas Tuchel គឺមានភាពសាកសម ក្នុងការជំនួសតំណែងលោក Lampard បន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតំណែង ដោយក្លិបរបស់បារាំងមួយនេះ កាលពីមុនមួយថ្ងៃ នៃពិធីបុណ្យណូអ៊ែល។

ក្លិប Chelsea បានបញ្ជាក់ពី ការបណ្តេញលោកចេញពីតំណែងនេះថា «គឺជាការសម្រេចចិត្តដ៏លំបាកបំផុត»។

«យើងសូមថ្លែងអំណរគុណ ចំពោះលោក Frank នូវអ្វីដែលគាត់សម្រេចបាន នៅក្នុងពេលវេលារបស់គាត់ ជាគ្រូបង្វឹកនៃក្លឹប, ទោះជាយ៉ាងណាក៏ដោយ លទ្ធផល និងការអនុវត្តនាពេលថ្មីៗនេះ មិនបានឆ្លើយតបទៅនឹងការរំពឹងទុករបស់ក្លឹបឡើយ ដោយទុកឱ្យក្លឹបនៅពាក់កណ្តាលតារាង ដោយគ្មានផ្លូវច្បាស់លាស់ណាមួយ ដើម្បីធ្វើឲ្យប្រសើរឡើងប្រកបដោយចីរភាព» នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប។

Lampard វ័យ៤២ឆ្នាំ ជាអតីតកីឡាករខ្សែបម្រើរបស់ក្លិប Chelsea រូបនេះ បានដឹកនាំក្រុម ឲ្យឈរនៅលំដាប់ទី៤ នៅក្នុងលីគ Premier League កាលពីរដូវកាលមុន។

Lampard មានបទពិសោធន៍ជាគ្រូបង្វឹកតែម្តងគត់ គឺនៅក្លិប Derby County មុនពេលត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Chelsea កាលពីខែកក្កដា ឆ្នាំ២០១៩៕