(ញ៉ូវដេលី)៖ បើទោះបីជា នាពេលបច្ចុប្បន្នទីផ្សារស្មាតហ្វូន 5G នៅមិនទាន់វាយលុយខ្លាំងក្នុងប្រទេសឥណ្ឌាក្ដី ប៉ុន្តែស្ថាប័នវិភាគ ជាច្រើន បាន លើកឡើងថា នៅឆ្នាំ២០២១នេះ ការលក់ស្មាតហ្វូន 5G នៅកើនឡើងខ្លាំងបំផុតក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Economic Times នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

នៅដើមឆ្នាំ ២០២១នេះ គេសង្កេតឃើញថា តម្លៃនៃស្មាតហ្វូន 5G ហាក់នៅតែខ្ពស់ដដែល ដែលជាកត្តារារាំងការលក់នៅក្នុងប្រទេសនេះ ប៉ុន្តែ បើតាមការវិភាគរបស់ Counterpoint Research បានឱ្យដឹងថា ការលក់ស្មាតហ្វូន 5G នៅក្នុងប្រទេសឥណ្ឌា នឹងចាប់ផ្ដើម ផ្ទុះ ឡើង នៅត្រីមាសទី៣ ពោលគឺជាត្រីមាសដែលស្មាតហ្វូន 5G ត្រូវបានចេញលក់ច្រើនម៉ូដែលនៅក្នុងប្រទេសនេះ។

តាមប៉ាន់ប្រមាណរបស់ Counterpoint Research បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ទាំងមូល ស្មាតហ្វូន 5G នឹងត្រូវលក់ដាច់ចំនួន ៣៨លានគ្រឿង ដែលស្មើនឹង ២១ភាគរយនៃទូរស័ព្ទដៃសរុបទាំងអស់ដែលបានលក់។ មូលហេតុមួយទៀតដែលនាំឱ្យការលក់ស្មាតហ្វូន 5G កើនឡើងនេះផងដែរ គឺមកពីនៅត្រីមាសទី៤ អ្នកប្រើភាគច្រើនបានប្ដូរពីម៉ូដែលចាស់ និងងាកមកប្រើម៉ូដែលថ្មី។

បើទោះបីជាតម្លៃនៅតែជាបញ្ហាសម្រាប់ការលក់ទូរស័ព្ទដៃនៅក្នុងប្រទេសឥណ្ឌាក្ដី ប៉ុន្តែនៅក្នុងឆ្នាំ២០២១នេះ តួលេខនៃការលក់ នឹងកើន ឡើងខ្ពស់ ទាំងស្មាតហ្វូនប្រើ 5G និងស្មាតហ្វូនធម្មតា ខណៈដែលស្មាតហ្វូនទូទៅតម្លៃជាមធ្យមគឺ ២៧៥ដុល្លារ និងស្មាតហ្វូនប្រើ 5G តម្លៃ ប្រមាណ ៣២០ដុល្លារអាមេរិក៕