(អាមេរិក)៖ សមាជិកសភាសហគមន៍អឺរ៉ុបបានអញ្ជើញនាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon, Apple, Facebook និង Alphabet (Google) ឱ្យចូលរួមនៅសវនាការ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនៅក្នុងទីក្រុង Brussels ដើម្បីបំភ្លឺពាក់ព័ន្ធ នឹង ករណីមួយចំនួន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ថា សវនាការនេះគឺធ្វើឡើងដើម្បីកាត់បន្ថយ អំណាចក៏ដូចជាឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកខាងលើនេះ ព្រោះថាមួយរយៈក្រោយនេះ ពួកគេបានប្រើប្រាស់ឥទ្ធិពល ដែលខ្លួនមាននៅលើប្រពន្ធអនឡាញ ដើម្បីទាញយកផលចំណេញជាច្រើនពីដៃគូប្រកួតប្រជែង និងពីអ្នកប្រើប្រាស់។

គេនៅមិនទាន់ច្បាស់ឡើយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្សទាំងនោះនឹងចូលខ្លួនតាមការកោះហៅនោះទេ ខណៈដែលសវនាការមួយនេះ ត្រូវបានពន្យារពេលជាច្រើនដង។

សភាសហគមន៍អឺរ៉ុបក៏បាន ស្នើផងដែរ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើធ្វើឱ្យការប្រកួតប្រជែងដោយតម្លាភាព និងចូលរួមទប់ស្កាត់ ព័ត៌មានក្លែងក្លាយជាពិសេសគឺទប់ស្កាត់រាល់ ព័ត៌មានទាំងឡាយណាដែលបង្កឱ្យមាន ហានិភ័យ ឬអំពើហិង្សា ដោយក្នុងនោះ សភាសហគមន៍អឺរ៉ុបគ្រោងនឹងធ្វើការផាកពិន័យផងដែរដល់ក្រុមហ៊ុនណា ដែលគ្មានលទ្ធផលក្នុងការធ្វើរឿងទាំងនេះ៕