(បរទេស)៖ ពិធីបុណ្យឆ្លងឆ្នាំសកលត្រូវបានយើងប្រារព្ធឡើងនៅជុំវិញពិភពលោក ក្នុងឱកាសឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ក៏ប៉ុន្តែតើអ្នកដឹងទេថា ការអបអរឱកាសពិសេសនេះ មិនមែនប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅលើផែនដីឡើយ គឺមានប្រទេសក៏ដូចជាតំបន់ខ្លះឆ្លងមុនគេ និង ប្រទេសក៏ដូចជាតំបន់ខ្លះឆ្លងក្រោយគេ។

មូលហេតុដែលធ្វើឲ្យមានការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំក្នុងពេលខុសគ្នាបែបនេះ គឺដោយសារគេបានបង្កើតខ្សែបន្ទាត់អរូបីមួយហៅថា International Date Line (IDL) សម្រាប់កំណត់ព្រំដែនលើផ្ទៃផែនដី ដើម្បីបែងចែករវាង «ថ្ងៃថ្មី» និង «ថ្ងៃចាស់»។ ខ្សែបន្ទាត់នេះស្ថិតនៅខ្សែស្របទី១៨០ ចន្លោះដែនដីរបស់ប្រទេសរុស្ស៉ីនិងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក និងកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក។ គេចាប់ផ្តើមរាប់ថ្ងៃថ្មីពីខ្សែបន្ទាត់នេះ ដេញមកខាងឆ្វេងដៃ គឺដូចជាដំណើរនៃផែនដីវិល ខណៈអ្វីៗដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់នោះគឺជាថ្ងៃចាស់។ ឧទាហរណ៍ នៅខាងឆ្វេងចូលដល់ថ្ងៃទី១ ខែមករា ឆ្នាំថ្មី នៅថ្ងៃស្តាំវិញគឺស្ថិតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំចាស់នៅឡើយទេ។

ដូច្នេះហើយប្រទេសដែលតែងតែឆ្លងចូលឆ្នាំថ្មីមុនគេ គឺប្រទេសគីរីបាទី (Kiribati), ប្រទេសតុងហ្កា (Tonga) និង ប្រទេសសាម៉ូអា (Samoa) ដែលជាក្រុមប្រទេសដីកោះតូចៗ នៅឯមហាសមុទ្រប៉ាស៉ីហ្វិក។ ការឆ្លងចូលឆ្នាំថ្មី២០២១ ប្រជាជាតិទាំងនេះប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល នៅម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ម៉ោងសកល GMT) ហើយបន្ទាប់មកទៀតគឺនូវែលសេឡង់ ដែលបានសួរស្តីឆ្នាំ២០២១ នៅខ្ទង់ម៉ោង១០៖១៥នាទីព្រឹក GMT។ ពេលវេលានៃការឆ្លងចូលឆ្នាំថ្មី គឺបន្តដេញមកខាងឆ្វេងដៃរហូតបែបនេះនៅលើផែនទីពិភពលោក ទៅតាមការវិលរបស់ផែនដី ខណៈអាមេរិកខាងជើងនិងខាងត្បូងជា ទ្វីបចុងក្រោយគេដែលស្វាគមន៌ឆ្នាំថ្មី។

គួរបញ្ជាក់ថា កន្លែងចុងក្រោយដែលឆ្លងចូលឆ្នាំថ្មី ក៏ស្ថិតនៅលើមហាសមុទ្រប៉ាស៉ីហ្វិកដែរ ប៉ុន្តែនៅខាងស្តាំដៃខ្សែបន្ទាត់ IDL គឺកោះប៊ែកឃើ (Baker) និងកោះហោលែន (Howland) របស់សហរដ្ឋអាមេរិក ដែលបានចូលឆ្នាំថ្មីនៅម៉ោង១២ថ្ងៃត្រង់ GMT ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ប៉ុន្តែកោះទាំងពីរគ្មានមនុស្សនៅទេ។ ដូច្នេះហើយកន្លែងមានមនុស្សនៅ ដែលមានរៀបចំពិធីអបអរឱកាសចូលឆ្នាំថ្មី គឺដែនដីកោះសាម៉ូអា (American Samoa) របស់អាមេរិក ដែលប្រារព្ធកាអបអរនៅម៉ោង១១ព្រឹក GMT ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១៕