(កូរ៉េ)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានរាយកការណ៍ថា ការសម្តែងរឿង «Hush» របស់ទូរទស្សន៍ JTBC និងការសម្តែងរឿង «Penthouse» របស់ទូរទស្សន៍ SBS ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីតារាសម្តែងក្នុងរឿងទាំងពីរនេះ មានជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បុគ្គលិកបម្រើការងាររបស់ទូរទស្សន៍ JTBC ដែលបានចូលរួមសម្តែងក្នុងរឿង «Hush» ត្រូវបានធ្វើតេស្តឃើញវជ្ជមានចំពោះកូវីដ១៩ ខណៈតារាសម្តែងក្នុងរឿង «Penthous» របស់ទូរទស្សន៍ SBS ក៏ត្រូវបានតេស្តវិជ្ជមានចំពោះកូវីដ១៩ដូចគ្នា ភ្លាមនោះទូរទស្សន៍ SBS និង JTBC ក៏បញ្ឈប់ការថតភាពយន្តរបស់ខ្លួនតែម្តង ខណៈអ្នកពាក់ព័ន្ធកំពុងតែស្ថិតក្រោមការធ្វើតេស្តបន្តបន្ទាប់។

ទន្ទឹមនឹងតួសម្តែង និងអ្នកដែលពាក់ព័ន្ធក្នុងរឿងខាងលើ គឺត្រូវបានបញ្ចូនទៅធ្វើតេស្តភ្លាម មានសេចក្តីរាយការណ៍បន្ថែមថា តារាប្រុសជើងចាស់ Hwang Jung Min និងតារាស្រី YoonA សមាជិកក្រុមចម្រៀងនារី Girls’Generation ព្រមទាំងតារាជាច្រើនទៀត ត្រូវបានគេដឹងថា បានចូលរួមសម្តែងក្នុងរឿង «Hush» របស់ទូរទស្សន៍ JTBC ខណៈរឿង «Penthous» របស់ទូរទស្សន៍ SBS មានការចូលរួមសម្តែងដោយ Lee Ji Ah, Eugene, Kim So Yeon, Uhm Ki Joon, Bong Tae Gyu និងតារាមួយចំនួនទៀត។

គួរជម្រាបថា រឿង «Penthous» របស់ទូរទស្សន៍ SBS ដំបូងឡើយគ្រោងថតបញ្ជប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ តែយ៉ាងណា ដោយសារបុគ្គលិកទាំងអស់ដែលធ្វើការក្នុងការថតភាពយន្តនេះកំពុងស្ថិតក្រោមការតាមដាននៃជំងឺកូវីដ១៩ ការថតរឿងនេះនឹងត្រូវពន្យាពេលទៅថ្ងៃបន្ទាប់៕