(ភ្នំពេញ)៖ សិក្ខាសាលាថ្នាក់ជាតិអប់រំសង្គម និងការបើកយុទ្ធនាការផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ហើយបន្ទាប់ពីចប់សិក្ខាសាលានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបានយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នឹងប្រកាសបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេសជាផ្លូវការតែម្ដង។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ហើយក៏មានការចូលរួមពីតំណាងក្រសួងបរិស្ថាន អគ្គស្នងការនគរបាលជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីពាក់ព័ន្ធមួយចំនួន ដើម្បីស្វែងយល់ពីគោលបំណងសិក្ខាសាលានេះ ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា «កិច្ចប្រជុំនេះ គឺដើម្បីប្រើប្រាស់នូវយន្ដការនានា ពាក់ព័ន្ធនឹងយុទ្ធនាការផ្សេងៗ ដែលយើងត្រូវធ្វើអំឡុងពេលបើកយុទ្ធនាការទូទាំងប្រទេសជាផ្លូវការ ក្នុងយុទ្ធនាការអប់រំសង្គម ដែលមានពាក់ព័ន្ធទៅនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការការយល់ដឹងពីបរិស្ថានសង្គម ដូចជាបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម»

ដោយហេតុនេះ លោកបណ្ឌិត ថោង ខុន បានជំរុញគ្រប់ភាគីពាក់ព័ន្ធ ត្រៀមក្នុងការផ្សព្វផ្សាយនូវយុទ្ធនាការនេះ ត្រូវធ្វើផែនការឲ្យបានម៉ត់ចត់ ហើយធ្វើយន្ដការឲ្យបានច្បាស់លាស់ក្នុងការដាក់ចេញឲ្យយុទ្ធនាការទាំងអស់ចេញព្រមគ្នាទៅ ឲ្យមានការត្រួតពិនិត្យនូវលទ្ធផលដែលរំពឹងទុក ពិសេសត្រូវធ្វើយុទ្ធនាការរួមគ្នាថា “យុទ្ធនាការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣” ទាំងអស់គ្នា ។ លោក វ៉ាត់ ចំរើន បន្ថែម ។

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើ ធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលគ្រោងនឹងមានអ្នកចូលរួមប្រមាណ ៣០០នាក់ ហើយអ្នកចូលរួម គឺជាគោលដៅមនុស្សគន្លឹះ ដែលរួមចំណែកជំរុញក្នុងការផ្សព្វផ្សាយនូវយុទ្ធនាការនានា រួមមានអាជ្ញាធរ ឬអភិបាលរាជធានី-ខេត្តទាំង ២៥ សហព័ន្ធកីឡាជាតិ អង្គរការកីឡាជាតិ និងអន្ដរជាតិ ពិសេសមន្ទីរជំនាញ ដូចជាមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរទេសចរណ៍ជាដើម៕