(បរទេស)៖ ក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Snap Inc នៅថ្ងៃចន្ទសប្តាហ៍នេះ បានដាក់ដំណើរការមុខងារថ្មីមួយហៅថា «Spotlight» ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែក ឃ្លីបវីដេអូខ្លីៗជាសាធារណៈនៅលើកម្មវិធី Snapchat របស់ខ្លួន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Fox Business នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុន Snap Inc បានបង្ហោះសេចក្តីប្រកាសនៅលើវែបសាយខ្លួនថា អ្នកប្រើប្រាស់ Snapchat ដែលកន្លងមកអាចតែធ្វើការចែករំលែក រូបភាពក៏ដូចជាឃ្លីបវីដេអូផ្សេងៗជាមួយមិត្តភក្តិប៉ុណ្ណោះនោះ ឥឡូវនឹងអាចធ្វើការចែករំលែកពួកវាជាសាធារណៈ ជាមួយមុខងារ Spotlight ហើយទទួលបានអ្នកតាមដាន (followers) បន្ថែមទៀត។

ដើម្បីជំរុញឲ្យមានការប្រើប្រាស់មុខងារថ្មីខាងលើបានផុសផុល ក្រុមហ៊ុន Snap Inc បានសម្រេចថា នឹងផ្តល់រង្វាន់ទឹកប្រាក់ដល់ទៅ១លានដុល្លារជារៀងរាល់ថ្ងៃ រហូតដល់ដាច់ឆ្នាំ២០២០នេះ ដើម្បីបែងចែកទៅកាន់ម្ចាស់ឃ្លីបវីដេអូខ្លីៗទាំងឡាយណា ដែលទទួលបានការគាំទ្រច្រើនៗបំផុត។

គួរជម្រាបថា មុខងារ Spotlight របស់កម្មវិធី Snapchat ត្រូវគេមើលឃើញថា ជាគូប្រជែងរបស់មុខងារ Reel នៃកម្មវិធី Instagram ព្រមទាំងកម្មវិធី TikTok៕