(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានសេចក្ដីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានលោក ម៉ាក ផាកឃីនសុន (Mark Parkinson) ដែលជានាយកប្រតិបត្តិថ្មី របស់សាលា។

លោក ម៉ាក ផាកឃីនសុន (Mark Parkinson) មានទីកន្លែងកំណើត នៅចក្រភពអង់គ្លេស ហើយលោកមានបទពិសោធន៍ជិត២០ឆ្នាំ ក្នុងការបង្កើត និងគ្រប់គ្រងសាលានៅទ្វីបអាស៊ី។

ក្នុងពេលថ្មីៗនេះ លោក ម៉ាក បានបម្រើការងារ ជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនមួយ ដែលមានរួមបញ្ចូល សាលាចំនួន៦ នៅក្នុងប្រទេសម៉ាឡេស៊ី ហើយមុនពេល បម្រើការងារ នៅប្រទេសម៉ាឡេស៊ី លោក ម៉ាកក៏ធ្លាប់បម្រើ ការងារនៅប្រទេសមួយចំនួនផ្សេងទៀតផងដែរដូចជា៖ សហព័ន្ធអារ៉ាប់រួម ឥណ្ឌា និងបង់ក្លាដែស។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាស្ថាប័នអប់រំឯកជនដ៏ល្បីមួយ ដែលមានទីតាំងដ៏ធំ និង ទំនើបនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងរយៈពេល១៦ឆ្នាំ នៃការរីកចម្រើនឥតឈប់ឈរ សាលា អន្តរជាតិ ស៊ី អាយ ហ្វឺសត៍ បានក្លាយទៅជាស្ថាប័នអប់រំ ឈានមុខមួយ ដែលផ្ដល់ការអប់រំប្រកបដោយ គុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យសម្រាប់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សនៅកម្ពុជា។

នៅក្នុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបើកឲ្យដំណើរការ ទីតាំងសិក្សាដ៏ទំនើបថ្មីមួយទៀត នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានទទួលសិស្សឲ្យចុះឈ្មោះចូលរៀន យ៉ាងច្រើនផងដែរ។

មិនតែប៉ុណ្ណោះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងបើកឲ្យដំណើរការទីតាំងសិក្សា កម្រិតវិទ្យាល័យថ្មីមួយទៀត នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ហើយដែល មានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ម៉ាក បានថ្លែងថា «ខ្ញុំពិតជាមានសេចក្ដីរំភើប និងរីករាយណាស់ ដែលបានមកកាន់តួនាទីជា នាយកប្រតិបត្តិនេះ នៅប្រទេសកម្ពុជា»

លោកបន្ដថា «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំ និងមានចក្ខុវិស័យ យ៉ាងច្បាស់លាស់ក្នុងការចូលរួម ចំណែកលើកស្ទួយការអប់រំចំណេះទូទៅ (K-12) ដើម្បីផ្ដល់នូវការ អប់រំមួយដែល មានគុណភាពខ្ពស់ដល់សិស្សានុសិស្សរបស់យើង កាន់តែច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជា»

លោកបានបន្តទៀតថា «ខ្ញុំយល់ឃើញថា ការអប់រំនៅក្នុងពិភពលោកសព្វថ្ងៃ បាននិងកំពុងតែមាន ការផ្លាស់ប្ដូរឥតឈប់ឈរ ហើយបរិបទនៃការរីករាលដាល នៃជំងឺកូវីដ-១៩ រឹតតែបានពន្លឿនការផ្លាស់ប្ដូរ ទាំងនោះបន្ថែមទៀត»

លោក ម៉ាក បានឲ្យដឹងថា អ្នកជំនាន់ក្រោយរបស់យើង កំពុងចម្រើនវ័យឡើង ក្នុងពិភពលោកមួយ ដែលមានទំនាក់ទំនងគ្នា ជាសកលដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗ ដូច្នេះហើយពួកគេ ត្រូវការជា ចាំបាច់នូវចំណេះដឹងថ្មីៗ និងការអភិវឌ្ឍបំណិនផ្សេងៗ ដើម្បីក្លាយទៅជាអ្នកសិក្សាពេញមួយជីវិត។

ក្នុងន័យនេះ សាលា មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ត្រូវចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការរីកចម្រើន និងភាពជោគជ័យ របស់សិស្សានុសិស្ស និងបុត្រធីតារបស់ពួកគេ៕