(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាមេរិក General Motors (GM) នឹងហៅចូលមកវិញនូវរថយន្តសរុប ៧លានគ្រឿងនៅជុំវិញពិភពលោក ដែលអាចមានបញ្ហាពោងសុវត្ថិភាព ក្រោយទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនអាមេរិកបានសម្រេចយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារជាតិផ្នែកសុវត្ថិភាពដឹកជញ្ជូនអាមេរិក NHTSA នៅថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ក្រុមហ៊ុន GM ត្រូវតែហៅរថយន្តប្រភេទ Pick Up និង SUV ម៉ូដែល២០០៧-២០១៤ សរុប៥.៩លានដុល្លារគ្រឿងចូលមកវិញ ដោយសារហានិភ័យនៃពោងសុវត្ថិភាពម៉ាក Takata ដែលបំពាក់លើរថយន្តទាំងនោះ។ ការហៅចូលនោះ នឹងរួមមានម៉ូដែលរថយន្តដូចជា Cadillac Escalade, Chevrolet Silverado, Chevrolet Suburban, Chevrolet Tahoe, GMC Sierra និង GMC Yukon ជាដើម។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន GM ផ្ទាល់ ការហៅរថយន្តរាប់លានគ្រឿងចូលមកវិញបែបនេះ គឺធ្វើឲ្យខ្លួនខាតបង់ថវិកា១.២ពាន់លានដុល្លារ ហើយក្រុមហ៊ុននឹងហៅរថយន្តសរុប ៧លានគ្រឿងនៅជុំវិញពិភពលោកចូលមកវិញ ក្នុងនោះរួមមានទាំង ៥៤៤,០០០គ្រឿង នៅកាណាដាផងដែរ៕