(ភ្នំពេញ)៖ ទោះមានវ័យរៀងជ្រេបន្តិច តែតារាចម្រៀងចាស់វស្សាលោក ព្រាប សុវត្ថ ត្រូវបានមហាជនសង្កេតឃើញថា នៅតែមានទឹកដមសំនៀងពិរោះរណ្តំ និងមានភាពទាក់ទាញមិនចេះរីងស្ងួតឡើយ ខណៈបទចម្រៀងមនោសញ្ចេតនារបស់លោក នៅក្នុងផលិតកម្ម Galaxy Navatra ត្រូវបានបញ្ចេញជាបន្តបន្ទាប់។ ជាពិសេសបទចំណងជើងថា «ស្តាយអារម្មណ៍» កំពុងតែអន្ទងចិត្តទស្សនិកជនគ្រប់ស្រទាប់តែម្តង ពោលគឺក្នុងបណ្តាញសង្គមមាន Comment ជាបន្តបន្ទាប់បានកោតសរសើរក្នុងន័យស្រដៀងគ្នា ពីទឹកដមសំឡេងរបសលោក។

ជាការកត់សម្គាល់ បទ «ស្តាយអារម្មណ៍» គឺជាចម្រៀងបែបមនោសញ្ចេតនាទី២ របស់កំពូល ព្រាប សុវត្ថិ បន្ទាប់ពីបទទី១ «ពេលណាជួបគ្នាម្តងទៀត»។ ចម្រៀងទាំងពីរបទនេះ ត្រូវបានអ្នកគាំទ្រ លោកព្រាប សុវត្ថិ ពេញចិត្តយ៉ាងខ្លាំង ជាពិសេសគ្រាន់តែបញ្ចេញភ្លាម គ្រប់គ្នាបើកស្តាប់ម្តងហើយម្តងទៀត ដោយសារតែជក់ចិត្តនឹងទឹកដមសំនៀងក្រអួនក្រអៅមិនប្រែរបស់លោក។

ទាំងនេះជាមតិរបស់មហាជន «គាត់ជាកំពូលតារាចម្រៀងដែលមានសម្លេងពិសេស កម្រអ្នកណាស្រដៀងណាស់ ហើយច្រៀងបានគ្រប់ទម្រង់ហើយមិនឆ្គងត្រចៀក អញ្ចឹងហើយទើបគាត់ឈរលើវិថីសិល្បះបានយូរណាស់», «មិនដឹងថាសរសើថាមិចទេលោកអើយ មួយបទចាក់ដោតបេះដូងញុមម្ល៉េះទេ ពីរោះណាស់», «បទបែបនេះ សំឡេងបែបនេះ ពិតជាពិរោះណាស់ Galaxy ទទួលបាននូវកំពូលតារាចម្រៀងសំឡេងគ្មានពីរ សង្ហារទាំងរូបរាង និងដំណើរ បែបបុរសពិត។ Galaxy ចេញបទបែនេះពិតជាមិនខុសបំណងអ្នកស្តាប់ទេ»។

ចង់ដឹងថាចម្រៀងមួយនេះពីរោះកម្រិតណានោះ សូមរីករាយសណ្តាប់ដូចខាងក្រោម៖