(អាមេរិក)៖ ប្រធានសន្តិសុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានរងនូវការចោទប្រកាន់ពីបទស៊ីសំណូក ដើម្បីទទួលបានកាំភ្លើងសម្រាប់ប្រើប្រាស់ នៅក្នុងការិយាល័យ Apple ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ព្រះរាជអាជ្ញាបានចោទប្រកាន់លោក Thomas Moyer វ័យ ៥០ឆ្នាំ ជាប្រធានសន្តិសុខក្រុមហ៊ុន Apple រួមនឹងបុគ្គលិកចំនួន ២នាក់ផ្សេងទៀត ដែល បម្រើការងារនៅការិយាល័យ Sheriff ថាបានប្រព្រឹត្តអំពើស៊ីសំណូក ដោយក្នុងនោះលោក Thomas Moyer បានសន្យាផ្ដល់ iPad ចំនួន ២០០គ្រឿងទៅឱ្យការិយាល័យភ្នាក់ងារអនុវត្តច្បាប់ Santa Clara County Sheriff's Office ជាថ្នូរនឹងការទទួលបានលិខិតអនុញ្ញាតប្រើប្រាស់អាវុធសម្រាប់ បុគ្គលិក Apple ចំនួន ៤នាក់។

មេធាវីរបស់លោក Thomas Moyer បាននិយាយថា ការចោទប្រកាន់នេះមិនសមហេតុផលនោះទេ ហើយវាក៏មិនពាក់ព័ន្ធនឹងលោក Thomas Moyer ផងដែរ។ «លោក Thomas Moyer បានស្នើដល់ការិយាល័យ Santa Clara County Sheriff's Office សម្រាប់ការអនុញ្ញាតច្បាប់ប្រើប្រាស់អាវុធ ហើយការប្រើប្រាស់ អាវុធនោះ គឺពួកយើង (Apple) មានមូលហេតុច្បាស់លាស់ ដោយកន្លងមក មានករណីបាញ់ប្រហារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗក្នុងតំបន់ Silicon Valley ហេតុនេះហើយ ទើបមានការស្នើសុំប្រើប្រាស់អាវុធដើម្បីការពារ។ ចំណែកការផ្ដល់ជូន iPad នោះ វាគ្រាន់តែជារឿងមួយផ្សេង មិនពាក់ព័ន្ធគ្នាឡើយ»។ នេះជាសំដីរបស់មេធាវីរបស់លោក Thomas Moyer ដែលបានថ្លែងប្រាប់សារព័ត៌មាន Reuters៕