(ភ្នំពេញ)៖ លោក សួង ភារម្យ គ្រូបង្វឹកអ្នកចាំទីដ៏មានបទពិសោធ និងបានផលិតធនធានអ្នកចាំទីជម្រើសជាតិជាច្រើន បានប្រកាសលាឈប់ពីតំណែងរបស់ខ្លួន នៅក្លិបបាល់ទាត់វិសាខាហើយ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ បន្ទាប់ពីចំណាយពេលជិត ២ឆ្នាំកន្លះ ជាមួយក្រុមមានមូលដ្ឋាននៅហ្រ្គេនភ្នំពេញនេះ។

តាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន លោក សួង ភារម្យ បានអះអាងថា ការចែកផ្លូវជាមួយក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ គឺដោយសារហេតុផលផ្ទាល់ខ្លួន ដ្បិតលោកជាមន្ដ្រីយោធា មិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់បំពេញការងារប្រចាំថ្ងៃ ។

អតីតគ្រូអ្នកចាំទីក្លិបកងយោធពលខេមរភូមិន្ទរូបនេះ បានបញ្ជាក់ថា «ខ្ញុំបាទសូមអធ្យាស្រ័យពីលោកជំទាវ (លោកស្រី កែ សួនសុភី) និងឯកឧត្ដប្រធាន (លោក ស សុខា) លាឈប់ពីគ្រូចាំទីរបស់ក្លឹបវិសាខាចាប់ពីថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ ២០២០តទៅ មូលហេតុដោយខ្ញុំបាទជាមន្ត្រីយោធា ត្រូវទៅធ្វើការទាំងព្រឹកទាំងល្ងាច ពុំមានពេលគ្រប់គ្រាន់ក្នុងបង្ហាត់» ។ ប៉ុន្ដែព័ត៌មានដ៏រសើបនេះ វិសាខា នៅមិនទាន់ប្រកាសផ្លូវការនោះទេ ។

គួរដឹងថា លោក សួង ភារម្យ គឺជាគ្រូអ្នកចាទី ដែលកាន់សញ្ញាបត្រស្ទើររាប់ភ្លេច ។ លោកបានផ្ទេរពីក្លិបកងយោធពខេមរភូមិន្ទ(អតីតឈ្មោះក្លិបក្រសួងការពារជាតិ) មកកាន់ក្លិបវិសាខា កាលពីពាក់កណ្ដាលឆ្នាំ២០១៨ ហើយកាលពីពេលថ្មីៗ លោកទើបរួមចំណែកជួយក្រុមសេះជំទង់នេះ គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបផងដែរ៕