(ភ្នំពេញ)៖ កវីនិពន្ធ និងជាអ្នកដឹកនាំរឿងចាស់វស្សាដ៏ល្បីល្បាញក្នុងពិភពសិល្បៈ លោក សុខ ជំនោរ ដែលមហាជនទូទៅទទួលស្គាល់ពីទឹកដៃនិពន្ធ និងសមត្ថភាពក្នុងការដឹកនាំរឿងដ៏ប៉ិនប្រសប់ របស់លោក បានបោះជំហ៊ានថ្មីមួយទៀត ដោយលោក និងក្រុមផលិតផ្ទាល់ខ្លួន ក្លាយជាក្រុមផលិត និងរៀបចំគម្រោងជាយុទ្ធសាស្ត្រ ក្នុងផលិតកម្មដាវីត្រា មេឌៀរ Davitra Media ជាផលិតកម្មថ្មី និងជាផលិតកម្មមួយដែលលោក សុខ ជំនោរ ជឿជាក់ ពីព្រោះមានក្រុមការងារប្រកបដោយវិជ្ជាជីវៈ និងទេពកោសល្យខ្ពស់ ព្រមទាំងមានក្រុមបច្ចេកទេសដែល មានបទពិសោធន៍ និងជំនាញពិតប្រាកដក្នុងវិសយ័សិល្បៈចំរៀង និងភាពយន្ត។

ជាមួយនឹងការចាប់ផ្តើមដំបូងក្នុងផលិតកម្ម ដាវីត្រា លោកនឹងផ្តល់កាដូជូនអ្នកគាំទ្រនូវ MV ចម្រៀងពីរបទ គឺ «បទ ម្អមក្រៀម និងបទ កូនថៅកែស្នេហ៍បង» ដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ។

ដាវីត្រាជាផលិតកម្មថ្មី ដែលមានសក្តានុពលខ្លាំង ដោយបានកំពុងវិនិយោគសាងសង់ស្ទូឌីយោផ្ទាល់ខ្លួន លាតសន្ធឹងនៅលើផ្ទៃដី ៥ហិចតា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីប្រើប្រាស់សម្រាប់ការផលិតបទចម្រៀង Original សម្តែង MV ថតកុន និងរៀបចំ កម្មវិធីប្រគុំ តន្ត្រីផ្ទាល់ខ្លួន សំដៅចូលរួមបម្រើចំណីអារម្មណ៍ និងចក្ខុរបស់ទស្សនិកជន។

នាពេលអនាគតយ៉ាងខ្លីផលិតកម្ម Davitra Media ក៏នឹងសហការជាមួយផលិតកម្មនៃបណ្តាប្រទេស នានាក្នុងតំបន់អាស៊ី ដើម្បីរួមគ្នាផលិតបទចម្រៀង និងថតខ្សែភាពយន្ត ជួយលើកតម្កើងអភិវឌ្ឍ វិស័យសិល្បៈកម្ពុជាផងដែរ៕