(អាហ្វ្រិកខាងត្បូង)៖ កីឡាករខ្សែការពារលំដាប់អន្តរជាតិ Anele Ngcongca ជនជាតិអាហ្រ្វិកខាងត្បូង បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងនៅថ្ងៃចន្ទនេះ, នេះបើតាមការបញ្ជាក់ពីក្លិប AmaZulu ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

Ngcongca វ័យ៣៣ឆ្នាំ គឺជាសមាជិកម្នាក់ នៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង ដែលបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ ហើយការបង្ហាញខ្លួន ចុងក្រោយបំផុតរបស់លោក ក្នុងការប្រកួតបាល់ទាត់ គឺនៅក្នុងឆ្នាំ២០១៦។

កីឡាករ Ngcongca ជាអ្នកធ្វើដំណើរម្នាក់ ដែលបានជិះនៅក្នុងរថយន្ត ខណៈរថយន្តបានបាត់បង់ការគ្រប់គ្រង នៅលើមហាវិថីមួយ ដែលមានចម្ងាយ៥០គីឡូម៉ែត្រ ភាគខាងជើង ទីក្រុង Durban របស់អាហ្វ្រិកខាងត្បូង។ ចំណែកស្ត្រីជាអ្នកបើកបររថយន្ត រងរបួសធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ៕