(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពូជា (NOCC) នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បានបន្ដរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ជាលើកទី២ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីបន្ដផ្សព្វផ្សាយពីតម្លៃអូឡាំពិក និងការលេងកីឡា ដល់ស្រទាប់យុវជន និងសិស្សានុស្សិ ក៏ដូចជាផ្សាភ្ជាប់យុទ្ធនាការដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្នុងស្មារតីគណៈកម្មការអូឡាំពិកអន្ដរជាតិ ក៏ដូចជាអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ គ្រឹះស្ថានសិក្សា គឺជាគោលដៅដ៏ធំចម្បងក្នុងការបញ្ជ្រាបការអប់រំតម្លៃ និងឧត្តមគតិអូឡាំពិក ព្រោះសិស្សានុសិស្ស ក្រៅពីសិក្សានៅសាលារៀន ក៏ជាចំណែកមួយដ៏សំខាន់ក្នុងសង្គម ដើម្បីរួមចំណែកផ្ទេរចំណេះដឹងពួកគេផងដែរ។

កម្មវិធីនេះ បានចូលរួមពង្រឹងស្មារតីរបស់យុវជន ក្នុងវិស័យអប់រំកាយ និងកីឡា ដោយជំរុញពួកគេឲ្យយល់ដឹងពីគុណតម្លៃ នៃការចូលរួមសកម្មភាពកីឡា ដែលជាមូលដ្ឋានគ្រឹះមួយ ក្នុងការពង្រឹងសមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាដុះខាតបញ្ញាស្មារតីក្នុងការសិក្សាឲ្យបានកាន់តែល្អប្រសើរ ព្រោះការណាមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ ការសិក្សាក៏ទទួលបានលទ្ធផលល្អដែរ ។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្ដថា ដោយហេតុនេះ NOCC នឹងរៀបចំកម្មវិធីនេះរៀងរាល់ឆ្នាំ ហើយកាន់តែធំទូលាយថែមទៀត ដើម្បីជំរុញស្រទាប់យុវជន និងមហាជនចូលរួមលេងកីឡាផង និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផង ។ ម្យ៉ាងក៏ដើម្បីរួមចំណែកផ្លាស់ប្ដូរឥរិយាបទថ្មីមួយ ក្នុងន័យរួមចំណែកលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សឲ្យកាន់តែមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា មកទល់ពេលនេះ កម្មវិធីអប់រំគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ២០២០ របស់ NOCC បានធ្វើ ៤លើករួចហើយ រួមមានធ្វើនៅខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ខណៈក្នុងពេលឆាប់ៗខាងមុខ NOCC នឹងរៀបចំកម្មវិធីនេះបន្ដទៀត នៅខេត្តកំពង់ចាម ដើម្បីបំផុសចលនាអូឡាំពិកផង និងចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕