(កូរ៉េ)៖ កម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្ត្រីប្រចាំឆ្នាំរបស់អាមេរិក ឬ «American Music Awardsa» ក្នុងឆ្នាំ២០២០នេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ សិល្បករភាគច្រើនដែលឈ្នះពានរង្វាន់ក្នុងកម្មវិធីនេះ គឺសុទ្ធសឹងតែជាតារារបស់អាមេរិក តែយ៉ាងណា ក្រុមចម្រៀង K-POP របស់កូរ៉េ BTS បានទទួលជ័យជំនះថ្មីមួយទៀត គឺទទួលបានពានរង្វាន់ដល់ទៅ២ ក្នុងកម្មវិធីនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយសារតែមិនបានទៅចូលរួមដោយផ្ទាល់ ក្រុមចម្រៀង BTS បានធ្វើជាវីដេអូមួយ ដើម្បីសម្តែងក្តីសាទរ ក៏ដូចជាថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី «American Music Awardsa» ក្នុងឆ្នាំ២០២០ ដែលបានផ្តល់កិត្តិយសដល់ក្រុមពួកគេ។ ជាពិសេស លោក RM ដែលជាប្រធានក្រុម BTS បានសម្តែងការសោកស្តាយ ដែលមិនបានទៅចូលរួមកម្មវិធីនេះដោយផ្ទាល់ នៅអាមេរិក តែពួកគេនៅមានមោទនភាពចំពោះកម្មវិធីនេះ ពីទីក្រុងសេអ៊ូលទៅ។

គូរជម្រាបថា ពានរង្វាន់ចំនួន២ ដែលក្រុមចម្រៀងបុរសល្បីឈ្មោះ BTS បានឈ្នះរួមមានពានរង្វាន់ «Favorite Social Artist» ចំនួន១ និងពានរង្វាន់ «Favorite Duo or Group -Pop/Rock» ចំនួន១៕