(ក្រុងឡុងដ៍)៖ កីឡាករវាយកូនបាល់ទោលលំដាប់ទី ៤ពិភពលោក Daniil Medvedev បានគ្រង់ជើងឯកព្រឹត្តិ្កការណ៍ការប្រកួតវាយកូនបាល់ ATP Finals 2020 (Tennis) នៅទឹកដីអង់គ្លេស ដែលបានយកឈ្នះកីឡាករលេខរៀងទី៣ ពិភពលោក Dominic Thiem ក្នុងវគ្គផ្តាច់ព្រ័ត្រក្រោយឆ្លងកាត់ជើងខ្លាំង Novak Djokovic , Rafael Nadal ដែលការប្រកួតធ្វើបានកាលពីថ្ងៃទី ២២ ខែវិច្ចិកា ឆ្នាំ២០២០។

តាមប្រភពចេញផ្សាយដោយសិនហួ នាថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២០ ការប្រកួតវាយកូនបាល់ (Tennis) ដែលបានធ្វើឡើងមានរយៈពេលចាប់ពីថ្ងៃទី១៥ដល់២២ ក្នុងខែនេះត្រូវបានបញ្ចប់ដោយជើងឯកផ្នែកបុរសបានទៅលើកីឡាករសញ្ជាតិរុស្ស៊ី Daniil ដោយឆ្លងកាត់ជើងខ្លាំងលំដាប់ទី១ ពិភពលោក Novak Djokovic នៅវគ្គជម្រុះនឹងវាយឈ្នះជើងខ្លាំង Rafael Nadal នៅវគ្គ ៤នាក់ចុងក្រោយ។

បុរសវ័យ ២៤ឆ្នាំ Daniil Medvedev បានយកឈ្នះកីឡាករ Dominic Thiem ក្នុងលំដាប់ពិន្ទុ ២សិតទល់នឹង ១សិតក្នុងវគ្គផ្តាច់ព្រ័ត្រហើយនេះជាការជោគជ័យលើកទី១ ក្នុងអាជីបរបស់ Daniil បន្ទាប់ពីបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងឆ្នាំ២០២០ ខណៈធ្លាប់ឡើងវគ្គផ្តាច់ព្រត្រ័ US Open 2019 ជួប Rafael Nadal តែបានត្រឹមរងជើងឯកនឹងធ្លាប់ឆ្លងកាត់កម្រិត Grand Slam នៃព្រឹត្តិការណ៍ Australian Open, French Open, Wimbledon តែធ្លាក់ត្រឹមវគ្គជម្រុះ៕