(ភ្នំពេញ)៖ លោក ប៉ែន សុភ័ក្ររិទ្ធ គឺជាតារាសម្តែងប្រុសមានប្រជាប្រិយភាពមួយរូប ដែលបច្ចុប្បន្នកំពុងមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ បច្ចុប្បន្ននេះ មានរឿងភាគរហូតដល់ទៅ៣រឿងឯណោះ ជាស្នាដៃសម្តែងរបស់លោក ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ចំនួន៣ផ្សេងៗគ្នា។ បើទោះបីជា បច្ចុប្បន្នមានអាជីពជាតារាសម្តែងក្តី តែតារារូបនេះ បានអះអាងថា ធ្វើជាតារាចម្រៀង គឺជាចំណង់ចំណូលចិត្តរបស់លោកតាំងពីមិនទាន់ចូលសិល្បៈមកម្ល៉េះ តែបច្ចុប្បន្ននៅតែមិនមានទំនុកចិត្ត ឡើងបញ្ចេញសមត្ថភាពផ្នែកចម្រៀងនេះ។

លោក ប៉ែន សុភ័ក្ររិទ្ធ បានអះអាងដូច្នេះ គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ ពិធីករ-ពិធីការិនី ក្នុងកម្មវិធី លោក ប៉ែន សុភ័ក្ររិទ្ធ បានលើកពីប្រវត្តិផ្ទាល់ខ្លួនថា ដំបូងឡើយ លោកប្រឡូកក្នុងវិស័យសិល្បៈ គឺតាមរយៈការចូលប្រឡងបង្ហាញម៉ូតក្នុងកម្មវិធី «ពេជ្រកំពុងច្នៃ» ដោយកាលណោះទទួលបានចំណាត់ថ្នាក់លេខ៣។ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់នេះ គឺមានផលិតករទាក់ទងមកធ្វើការងារជាបន្តបន្ទាប់ ក្នុងនោះក៏មានការសម្តែងភាពយន្តផងដែរ។ ទាំងនេះជាដើមចម នៃការប្រឡកក្នុងវិស័យសិល្បៈភាពយន្តរបស់លោក។

តែយ៉ាងណា តារាសម្តែងរាងខ្ពស់ស្រឡះរូបនេះ បានសង្កត់ធ្ងន់ថា អាជីពសិល្បៈដែលលោកចិញ្ចឹមក្នុងចិត្ត និងចង់ធ្វើនោះ គឺជាផ្នែកចម្រៀង និយាយរួមទៅលោកស្រឡាញ់ការច្រៀងតាំងពីក្មេងមកម្ល៉េះ ហើយរហូតមកទល់នឹងពេលនេះ គឺនៅមិនទាន់ដាក់ចិត្ត១០០ សាកល្បងតេស្តសមត្ថភាពឡើងច្រៀងឡើយ។

លោក ប៉ែន សុភ័ក្ររិទ្ធ បាននិយាយថា «ពេលខ្លះគេហៅច្រៀងច្រើនដងពេក មានអារម្មណ៍ថា រអៀសខ្លួនដែរ តែចង់សាក តែពេលខ្លះគិតថាខ្លាចសាកទៅ មានអារម្មណ៍ថា ធ្វើអត់បានល្អ ខ្លាចខូចកម្មវិធីគេ ខ្លាចច្រៀងទៅខុសប៉ារូល ខុសភ្លេង ប៉ុន្តែមួយរយៈចុងក្រោយនេះ ខ្ញុំស្បើយពីការថតបន្តិច ខ្ញុំចាប់ផ្តើមហ្វឹកហាត់ ចង់យកជំនាញច្រៀងមួយទៀត ប៉ុន្តែគ្រាន់តែច្រៀង Concert អាចច្រៀងបាន កាត់បន្ថយកុំភ័យដូចមុន ព្រោះរាល់ដងឲ្យតែកាន់ក្បាលមេក្រូដឹងតែញ័រ...»

គួរជម្រាបថា តារាសម្តែងប្រុស ប៉ែន សុភ័ក្ររិទ្ធ ក្រៅពីមានអាជីពធ្វើជាអ្នកសិល្បៈហើយនោះ លោកក៏ជាមន្ត្រីរាជការមួយរូបផងដែរ ពោលគឺធ្វើជានគរបាលមួយរូប ដែលក្រៅពីបំពេញភារកិច្ចនេះ ពេលទំនេរគឺធ្វើការងារសិល្បៈ។ អ្វីដែលមហាជនចាប់អារម្មណ៍ហើយនោះ បន្ថែមពីការងារទាំងពីរខាងលើ លោកក៏បើកហាងលក់សម្លៀកបំពាក់ផងដែរ៕