(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រពីប្រទេសវៀតណាម ក្នុងនាមប្រធានប្ដូរវេននៃការប្រកួតកីឡាស៊ីហ្គេម និងបណ្ដាប្រទេសសមាជិកអាស៊ានផងនោះ កម្ពុជាបានទទួលសិទ្ធិក្នុងការដឹកនាំ និងរៀបចំការប្រកួតលើប្រភេទកីឡា «មួយ» ឬ «គុនខ្មែរ» ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២១ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាស៊ីហ្គេម តាម Video Conference កាលពីម្សិលមិញ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើបានបង្ហាញនូវសុទិដ្ឋិនិយមថា កីឡាគុនខ្មែរ គឺជាប្រភេទកីឡាសក្ដានុពលមួយ ក្នុងចំណោមប្រភេទកីឡាសក្ដានុពលជាច្រើនរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។ តែអ្វីដែលគួរឲ្យមានមោទនភាពនោះ គឺវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យកម្ពុជារៀបចំការប្រកួតលើប្រភេទកីឡាគុនខ្មែរ ដែលជាសញ្ញាណដ៏ល្អ សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរនេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «កម្ពុជាពិតជាមានមោទនភាព ដែលបានម្ចាស់ផ្ទះវៀតណាមទទួលស្គាល់ និងឯកភាពឲ្យរៀបចំការប្រកួតកីឡា «មួយ» ឬ «គុនខ្មែរ» នៅវៀតណាម គឺផ្តល់សិទ្ធិឲ្យសហព័ន្ធកីឡាគុនខ្មែររបស់យើង និងសហព័ន្ធគុនខ្មែរអាស៊ី ចូលរួមរៀបចំការប្រកួត។ ក្នុងនោះ ខ្ញុំបាទ ក្នុងនាមជាប្រធានកីឡាគុនខ្មែរអាស៊ី និងជាប្រធានគុនមួយអាស៊ី គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំការប្រកួតនេះ»

លោកបានបន្ដថា «ការធ្វើស៊ីហ្គេមមុនៗ ប្រភេទកីឡាមួយហ្នឹង គឺគេឲ្យទៅមួយថៃ ជាអ្នកគ្រប់គ្រងរៀបចំការប្រកួត តែឥឡូវនេះយើងបានតវ៉ាឈ្នះ នៅលើការងារនេះថា គុនខ្មែរយើង ត្រូវតែជាអ្នកដឹកនាំការប្រកួតនេះ ទើបស្របទៅនឹងធម្មនុញ្ញស៊ីហ្គេម។ ចឹងម្ចាស់ផ្ទះវៀតណាម ក្នុងនាមជាប្រធានស៊ីហ្គេម បានសម្រេចឲ្យយើងធ្វើការដឹកនាំការប្រកួត។ នេះគឺជាផ្លូវមួយ ដែលវែកឲ្យយើងងាយស្រួលក្នុងការជំរុញកីឡាគុនខ្មែររបស់យើងឲ្យឈានទៅរកឧត្តមភាពខ្លាំងក្លាក្នុងពេលប្រកួត»។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបានសង្កត់ធ្ងន់ថា «នេះគឺជាសញ្ញាណដ៏ល្អ សម្រប់កម្ពុជាយើងក្នុងការចួលរួមប្រកួតគុនខ្មែរ នៅវៀតណាម ដោយកម្ពុជាយើង ដោយខ្ញុំបាទផ្ទាល់ គឺជាប្រធានរៀបចំការប្រកួតនេះ នៅឯវៀតណាមតែម្ដង។ នេះគឺជាដំណឹងល្អមួយ ដែលយើងមានមោទនភាពទាំងអស់គ្នា ដែលគេទទួលស្គាល់យើង និងឲ្យយើងធ្វើជាអ្នកដឹកនាំការប្រកួតលើប្រភេទកីឡានេះ (គុនខ្មែរ)...»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងប្រកួតរយៈពេល ១២ថ្ងៃ នៅរាជធានីហាណូយ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ ចំពោះប្រភេទកីឡាដាក់ឲ្យប្រកួតមកទល់ពេលនេះ នៅមិនទាន់សម្រេច ១០០% នោះទេ បន្ទាប់ពីមានបណ្ដាប្រទេសសមាជិកអាស៊ានស្នើសុំដាក់បញ្ចូលប្រភេទកីឡាមានសក្ដានុពល តាមប្រទេសនីមួយៗមួយចំនួនទៀត ក្នុងនោះក៏មានកម្ពុជាដែរ ខណៈម្ចាស់ផ្ទះវៀតណាមបានអះអាងថា នឹងប្រកាសផ្លូវការនាពេលឆាប់ៗខាងមុខ ពោលគឺមុនការប្រកួត ១ឆ្នាំ៕