(ភ្នំពេញ)៖ លោក កង សុវណ្ណ នាយកអនុវិទ្យាល័យឆាយឆុប នៅខេត្តកំពង់ស្ពឺ បានបង្ហាញសេចក្ដីសោមនស្សរីករាយក្រៃលែង បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជ្រើសរើសសាលារបស់ខ្លួន រៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលផ្ដល់ឱកាសឲ្យសិស្សានុសិស្សរបស់ខ្លួន បានយល់ដឹងច្រើនពីកីឡា និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការថ្លែងបែបនេះ បន្ទាប់ពី NOCC បានបន្ដយុទ្ធនារៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក លើកទី៣ របស់ខ្លួន នៅអនុវិទ្យាល័យឆាយឆុប កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ដោយមានសិស្សនុសិស្សប្រមាណ ១០០នាក់ចូលរួម និងបានលេងល្បែងកីឡាជាច្រើន ។ លើសពីនេះ វាគ្មិនចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីនេះ ក៏បានផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់សិស្សានុសិស្សផងដែរ។

នាយកសាលាដដែល បានចាត់ទុកកម្មវិធីនេះ គឺជាកម្មវិធីមួយដ៏សំខាន់ ក្នុងការចែករំលែកចំណេះដឹងផ្នែកកីឡាដល់សិស្សានុសិស្សរបស់ខ្លួន ដែលនិយមគាំទ្រ និងចូលចិត្តលេងកីឡាជាច្រើន ដ្បិតកន្លងមានតែកម្មវិធីរបស់សាលាប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ លោកក៏បានសំណូមពរឲ្យមានការចែករំលែកចំណេះដឹងដល់គ្រូផ្នែកអប់រំកាយ និងកីឡាចំនួន ២នាក់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ឆ្ពោះទៅរកការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិទៀតផង។

ទន្ទឹមជាមួយគ្នាលោក លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងរបស់ NOCC បានទទួលស្គាល់នូវហេដ្ឋារចនាសម្ព័ន្ធកីឡា ក្នុងអនុវិទ្យាល័យឆាយឆុប ពិតជាល្អប្រសើរ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះសិស្សានុសិស្ស ដែលបានចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិកខាងលើ ដោយពួកគេចង់ចេះចង់ដឹងច្រើនពីកីឡា ។ ដូច្នេះតាមរយៈកម្មវិធីនេះ លោកសង្ឃឹមថា នឹងជំរុញពួកគេចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាពផង និងពង្រឹងស្មារតីក្នុងការរៀនសូត្រផង ។

លោកបានបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែល NOCC បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកនេះឡើង ក្នុងឆ្នាំ២០២០ នេះ បន្ទាប់ពីធ្វើលើកទី១ នៅខេត្តកំពង់ធំ និងធ្វើលើកទី២ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗ កន្លងទៅ ។ កម្មវិធីនេះ រៀបចំឡើង ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក និងជំរុញឲ្យយុវជន ក៏ដូចជាប្រជាពលដ្ឋចូលរួមលេងកីឡា ស្របតាមយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ «ប្រជាជនម្នាក់លេងកីឡាមួយមុខ»៕