(ម៉ិកស៉ិក)៖ ពីរ៉ាមីតព្រះអាទិត្យ (Pyramid of the Sun) និងពីរ៉ាមីតព្រះច័ន្ទ (Pyramid of the Moon) មានភាពល្បីល្បាញខ្លាំង ដោយសារតែវាស្រដៀងទៅនឹងពីរ៉ាមីតនៅប្រទេសអេហ្ស៉ីប ប៉ុន្តែមនុស្សដែលបានកសាងសំណង់នេះបានសាបសូន្យចេញពីផែនដីនេះទៅហើយ បន្សល់តែភាពអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។

អច្ឆរិយវត្ថុទាំងនេះជាស្នាដៃរបស់មនុស្សបុរាណនៃអារ្យធម៌អាស្ដែក (Aztec) ដែលជាម្ចាស់ស្រុកដំបូងលើទឹកដីអាមេរិកកណ្ដាល។ ក្នុងសម័យកាលដែលសាងសង់សំណង់ទាំងនេះ វិស័យសាសនា អរិយធម៌ សេដ្ឋកិច្ច នយោបាយ និងស្ថាបត្យកម្មរបស់ពួកគេ គឺពិតជាមានការរីកចម្រើនយ៉ាងខ្លាំង។

ពីរ៉ាមីតព្រះអាទិត្យ ឬ Pyramid of the Sun ត្រូវបានកសាងឡើងនៅអំឡុងគ្រិស្ដសករាជ ២០០។ ដីឥដ្ឋ និងកំបោរសត្រូវបានគេយកមកកសាងមហាពីរ៉ាមីតនេះ ដោយតម្រៀបជាថ្នាក់ៗកម្ពស់ ៦៥.៥ ម៉ែត្រ។ វាមានប្រវែងបណ្ដោយ ២២៤ ម៉ែត្រ និងប្រវែងទទឹង ២២០ ម៉ែត្រ។ បច្ចុប្បន្ន ពីរ៉ាមីតនេះមានទីតាំងស្ថិតនៅឧទ្យានប្រវត្តិសាស្ត្រ តេអូទីវ៉ាកង់ ចម្ងាយប្រមាណ ៤៨ គឺឡូម៉ែត្រពីទីក្រុងម៉ិកស៉ីកូ ប្រទេសម៉ិកស៉ិក។

នៅក្នុងឧទ្យានប្រវត្តិសាស្ត្រតេអូទីវ៉ាកង់នេះដែរ ក៏មានពីរ៉ាមីតព្រះច័ន្ទ (Pyramid of the Moon) កម្ពស់ ៤៣ ម៉ែត្រមួយទៀតផងដែរ ដែលបានកសាងឡើងនៅចន្លោះគ្រិស្ដសករាជ ២០០-៤៥០។ ក្រៅពីនេះនៅមានប្រាសាទពីរ៉ាមីតតូចៗជាច្រើនទៀត។

មហាប្រាសាទទាំងពីរខាងលើនេះ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះសូរិយា និងព្រះចន្ទ្រា ដែលជាព្រះអាទិទេពធំៗក្នុងជំនឿសាសនារបស់ជនជាតិតេអូទីវ៉ាកង់ (Teotihuacán)។

នៅក្នុងពីរ៉ាមីតព្រះអាទិត្យ គេជឿថាមានបញ្ចុះព្រះបរមកោដ្ឋរបស់ព្រះមហាក្សត្រនៃជនជាតិតេអូទីវ៉ាកង់ ប៉ុន្តែទីកន្លែងនេះត្រូវបានគេបោះបង់ចោលនៅគ្រិស្ដសករាជ ៧៥០។ ចំណេរកាលក្រោយមក អាណាចក្ររបស់ជនជាតិតេអូទីវ៉ាកង់នៃអារ្យធម៌អាស្ដែកនេះក៏បានសាបសូន្យចេញពីភពផែនដីទៅវិញ នៅសល់តែបុរាណដ្ឋានដ៏អាថ៌កំបាំង បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយរហូតដល់ពេលបច្ចុប្បន្ន៕