(អាមេរិក)៖ ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញ iPhone 12 ចំនួនម៉ូដែលកាលពីសប្ដាហ៍មុន ហើយនឹងដាក់ឱ្យបញ្ជាទិញទុកមុន នៅចុងសប្ដាហ៍នេះ ហើយបើតាមការវិភាគរបស់អ្នកជំនាញ iPhone 12 និង 12 Pro អាចនឹងមានការបញ្ជាទិញទុកមុនរហូតដល់ ២លាន គ្រឿង ក្នុងរយៈពេល២៤ម៉ោង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arean នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Ming-Chi Kuo មកពី ស្ថាប័នវិភាគ TF Securities បានព្យាករណ៍ថា iPhone 12 និង 12 Pro នឹងមានការបញ្ជាទិញទុកមុនចន្លោះពី ១.៧លានគ្រឿង ទៅ ២លានគ្រឿង ដោយក្នុងនោះ iPhone ទាំងពីរម៉ូដែលនេះផងដែរ នឹងមានការបញ្ជាទិញរហូតដល់ ៧ ទៅ ៩លានគ្រឿងក្នុងរយៈពេល មួយសប្ដាហ៍ដំបូង។

កាលពី iPhone 11 មានអ្នកបញ្ជាទិញទុកមុនរហូតដល់ចន្លោះពី ១១ ទៅ១២ លានគ្រឿងនៅសប្ដាហ៍ដំបូង ប៉ុន្តែសម្រាប់ iPhone 12 ឃើញថាបានធ្លាក់ចុះ ខណៈដែលលោក Ming-Chi Kuo បានប៉ាន់ប្រមាណថា iPhone 12 នឹងមានតម្រូវការខ្ពស់សម្រាប់ទីផ្សារ ប្រទេស ចិន អាមេរិក អឺរ៉ុប ហើយក្រោយពីចេញលក់ អាចនឹងលក់ដាច់បានច្រើនជាង iPhone 11។

ជាមួយគ្នានេះផងដែរ លោក Ming-Chi Kuo បានបញ្ជាក់ថា ក្នុងចំណោម iPhone 12 ទាំង៤ម៉ូដែល ដែលបានលក់គឺ iPhone 12 Pro Max នឹងមានចន្លោះ ១៥ ទៅ២០ភាគរយនៃ iPhone 12 សរុបដែលបានលក់ ខណៈដែល iPhone 12 mini មានត្រឹមតែ ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ៕