(ភ្នំពេញ)៖ នៅក្នុងខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាយើងបានប្រឈមមុខនឹងគ្រោះទឹកជំនន់ជាខ្លាំង បណ្តាលឲ្យខេត្ត និងក្រុងមួយចំនួនធំ ត្រូវបានគ្របដណ្តប់ដោយទឹកជំនន់ នាំឲ្យរងនូវផលប៉ះពាល់ជាខ្លាំងដល់ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសនោះ គឺផ្ទះសម្បែងរបស់ពួកគេត្រូវបានលិចលង់ ហើយបង្ខំឲ្យជន្លៀសចេញមករកទីទួលសុវត្ថិភាព ដូចជានៅតាមវត្តអារាម តាមចិញ្ចើមថ្នល់ សាលារៀន …ជាដើម។

ក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលមួយ ដែលបងប្អូនប្រជាពលរដ្ឋ ជួបប្រទះនូវការលំបាកជាខ្លាំង ដូចជាស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារផ្សេងៗ ដើម្បីដោះស្រាយភាពទាល់ច្រករបស់ខ្លួន។

ដោយមើលឃើញពីស្ថានភាពដ៏លំបាកនេះហើយ ទើបក្រុមហ៊ុនសាប៊ូលីប៉ាយ ដែលជាសាប៊ូមួយដ៏ល្បីល្បាញ មានលក់នៅជាង៦០ប្រទេសលើពិភពលោក និងកំពុងចរាចរណ៍ នៅលើទីផ្សារនៃប្រទេសកម្ពុជា ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះដោយទឹកជំនន់ ទៅតាមលទ្ធភាពដែលខ្លួនមានផងដែរ ហើយដែលជំនួយបន្តិចបន្តួចនោះរួមមាន អង្ករ ត្រីខ មី ទឹកត្រី ធូបមូស សាប៊ូបោកគក់លីប៉ាយ សាប៊ូលាងចានលីប៉ាយ និងថវិកាមួយចំនួនទៀត។

នៅថ្ងៃនេះដែរ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ទុយ ចន្ទ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារសាប៊ូលីប៉ាយ បានយកអំណោយសប្បុរសធម៌ទៅចែក ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅខណ្ឌដង្កោ ចំនួន១៨១ គ្រួសារបន្ថែមទៀត ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភពីទឹកបរិសុទ្ធ 3 Fun និងតារាសម្តែងដ៏មានប្រជាប្រិយ និងជា Brand Ambassador សាប៊ូលីប៉ាយ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គីម សីហា ជាស្វាមី, លោក ហេង រតនា និងលោក ឆន សុភ័ក្រ្តា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល, លោក កែវ សាស្ត្រា ស្ថាបនិកមូលនិធិដើម្បីស្នាមញញឹមនៅកម្ពុជា និងលោក ខេង វណ្ឌី រួមជាមួយក្រុមការងារបងប្អូនចិត្តបុណ្យ។

ឆ្លៀតក្នុងឱកាសនោះតំណាងក្រុមហ៊ុនទាំង៣ តំណាយយុវជគណបក្សប្រជាជនកម្ពុជា តំណាងមូលនិធិ និងតំណាងក្រុមការងារ បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងវិធានការណ៍ការពារផ្សេងៗ ដើម្បីបងប្អូនទទួលបានសុខសុវត្ថិភាព និងសុខភាពល្អមាំមួនការពារបាននៅរោគាព្យាធិទាំងឡាយ។

លោកអគ្គនាយក ក្រុមហ៊ុនសាប៊ូលីប៉ាយ បានមានប្រសាសន៍ថា «ជំនួយបន្តិចបន្តូចនេះ គឺជាទឹកចិត្តរបស់យើង ដែលបញ្ជាក់ថា ខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយគ្នាក្នុងគ្រាលំបាក ហើយជំនួយនេះ គឺបានត្រឹមតែជួយឲ្យបងប្អូនប្រជាពលរដ្ឋ អាចសម្រាលភាពលំបាកមួយគ្រាប៉ុណ្ណោះ រង់ចាំពេលទឹកស្រក ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងប្រកបការងារចិញ្ចឹមជីវិតវិញបាន គឺក្រុមហ៊ុនសាប៊ូលីប៉ាយ រីករាយនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការងារសង្គមបែបនេះ ហើយយើងនៅតែបន្តជួយសកម្មភាពមនុស្សធម៌ជាច្រើនទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន»

ចំណែកឯអ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាសម្តែងដ៏មានប្រជាប្រិយម្នាក់ និងជា Brand Ambassador របស់សាប៊ូលីប៉ាយផងនោះ ក៏បានមានប្រសាសន៍ថា អ្នកនាងពិតជារីករាយណាស់ ដោយអ្នកនាងបានចូលរួមសកម្មភាពផ្ទាល់ក្នុងការផ្តល់ជំនួយដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់នេះ ហើយអ្នកនាងក៏បានអំពាវនាវ ដល់បងប្អូនសប្បុរសនានា ទាំងសិល្បករ អាជីវករ សូមផ្តល់ជំនួយបន្តិចបន្តួចជាសន្តានចិត្ត ដើម្បីជួយដល់ជនរងគ្រោះដែលកំពុងខ្វះខាត។

យ៉ាងណាម៉ិញ នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនសាប៊ូលីប៉ាយ បានចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ គឺក្រុមការងារសាប៊ូលីប៉ាយ ក៏បានចុះទៅចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋនៅ២ខេត្តរួចទៅហើយ ដោយក្នុងនោះមាននៅ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងនៅស្រុក រុក្ខគីរី រួមទាំងនៅស្រុក ថ្មគោល ខេត្តបាត់ដំបង ដែលទទួលនូវការលិចល់ងខ្លាំងជាងគេ។

នៅក្នុងការចុះចែកអំណោយនេះ ក្រុមការងារសាប៊ូលីប៉ាយ បានជួបការលំបាកជាខ្លាំង ដោយត្រូវឆ្លងកាត់ផ្លូវដែលដាច់ដោយទឹកហូរ ភ្លៀងបន្តធ្លាក់ ត្រូវលីសែងអំណោយឆ្លងកាត់ទឹក ភក់ ត្រូវជិះទូក គ្រប់បែបយ៉ាង ក៏ក្រុមការងារសាប៊ូលីប៉ាយ នៅតែព្យាយាម ធ្វើយ៉ាងណាឲ្យជំនួយរបស់យើង បានទៅដល់ដៃជនរងគ្រោះដែលកំពុងរងនូវការខ្វះខាតពិតប្រាកដ ជាក់ស្តែងដូចជានៅស្រុករុក្ខគីរីជាដើម ដោយសារស្ថានភាពទឹកជំនន់បុកខ្លាំងពេក ក៏បណ្តាលឲ្យទំនប់បាសាក់ ត្រូវបានដាច់ ហើយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះនៅតំបន់នោះ មិនអាចធ្វើដំណើរបាន ។

ដោយមើលឃើញការលំបាកនេះហើយ ទើបក្រុមការងារសាប៊ូលីប៉ាយព្យាយាមលីសែង ជំនួយកាត់ភក់ កាត់ទឹក យកទៅដាក់លើទូក ដើម្បីឆ្លង រួចហើយលើកជំនួយដាក់គោយន្ត ដើម្បីដឹកទៅឲ្យដល់គោលដៅ ជួយសង្រ្គោះដល់បងប្អូនជនរងគ្រោះដែលកំពុងខ្វះខាត។

ក្រុមហ៊ុនសាប៊ូលីប៉ាយ មិនត្រឹមតែចូលរួមសកម្មភាព ជួយជនរងគ្រោះដោយទឹកជំនន់នោះទេ គឺក្រុមហ៊ុនក៏បានដាក់ចេញនៅគោលការណ៍ ក្នុងការចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនទៀត ដូចជាជួយជនក្រីក្រ ជួយកុមារកំព្រា ជួយនិសិ្សតក្រីក្រ និងការងារសង្គមជាច្រើនទៀត ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងសង្គមកម្ពុជាឲ្យរីកចម្រើន៕